2024-12-08 17:17
134

រដ្ឋកាលីហ្វ័រញ៉ា៖ សហរដ្ឋអាមេរិកនឹងផ្ដល់ប្រាក់ជិត មួយពាន់លានដុល្លារបន្ថែមទៀតនៅក្នុងការគាំទ្រអាវុធរយៈពេលវែងដល់អ៊ុយក្រែន នេះជាការបញ្ជាក់របស់លោក Lloyd Austin ដែលជារដ្ឋមន្រ្តីការពារជាតិរបស់អាមេរិក។ 

នៅក្នុងការផ្ដល់ជំនួយនោះដែរ កញ្ចប់ចុងក្រោយបង្អស់នឹងរួមបញ្ចូលទាំងយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែកជាច្រើនទៀតសម្រាប់ប្រព័ន្ធ High Mobility Artillery Rocket Systems  HIMARS ដែលសហរដ្ឋអាមេរិកបានផ្ដល់ទៅឲ្យអ៊ុយក្រែន។ ខណៈពេលដែលសព្វាវុធទាំងនេះត្រូវការជាចាំបាច់ខ្លាំងនៅពេលនេះ ពួកគេនឹងត្រូវបានផ្ដល់មូលនិធិតាមរយៈគំនិតផ្ដួចផ្ដើមជំនួយសន្តិសុខអ៊ុយក្រែន ដែលចំណាយសម្រាប់ប្រព័ន្ធដែលមានរយៈពេលវែងដើម្បីដាក់លើកិច្ចសន្យា។

ឯកញ្ចប់ថវិកា 988 លានដុល្លារគឺស្ថិតនៅលើជំនួយយោធាអាមេរិក ដែលបានបន្ថែម 725 លានដុល្លារ រួមទាំងប្រឆាំងយន្តហោះគ្មានមនុស្សបើក និងគ្រាប់បែក HIMARS ដោយបានប្រកាសកាលពីថ្ងៃចន្ទថា នឹងត្រូវដកចេញពីឃ្លាំងស្តុករបស់មន្ទីរបញ្ចកោណ ដើម្បីឆ្ពោះទៅកាន់ជួរមុខកាន់តែលឿន។ ហើយសហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាជាង 62 ពាន់លានដុល្លារទៅដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងខែ កុម្ភៈ ឆ្នាំ ២០២២ មកម្ល៉េះ។

ហើយពេលនេះដែរ អ៊ុយក្រែនកំពុងតែប្រឈមទៅនឹងការវាយលុកកាន់តែខ្លាំងដោយរុស្ស៊ី ដោយពេលនេះរុស្ស៊ីកំពុងតែប្រើប្រាស់ទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ដើម្បីបង្កើននូវការប្រយុទ្ធរបស់ខ្លួន ដើម្បីដណ្ដើមយកតំបន់ Kursk មកវិញ។ ហើយទីក្រុងមូស្កូក៏បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យម និងបានវាយប្រហារជាទៀងទាត់ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់ទីក្រុង កៀវ (Kyiv) ផងដែរ។

ខណៈកំពុងតែកើតមាននូវសង្គ្រាមដ៏ក្ដៅគគុករវាងអ៊ុយក្រែន ជាមួយនឹងរុស្ស៊ីបែបនេះហើយ ពេលនេះក៏កើតមាននូវសំណួរដោយមានការចោទសួរថា តើលោក ត្រាំ នឹងរក្សាការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែនដែរឬទេខណៈដែលរដ្ឋបាលរបស់លោក បៃឌិន បាននឹងកំពុងតែព្យាយាមចំណាយរាល់ប្រាក់ដុល្លារ ដែលនៅសេសសល់ពីវិក្កយបត្រ

 ជំនួយបរទេសដ៏ធំដែលបានអនុម័តកាលពីដើមឆ្នាំនេះ ដើម្បីដាក់ឲ្យអ៊ុយក្រែនស្ថិតក្នុងទីតាំងខ្លាំងបំផុតដែលអាចធ្វើទៅបាន។ ប៉ុន្តែប្រធានាធិបតីដែលទើបនឹងជាប់ឆ្នោតគឺលោក ត្រាំ បែរជាបានរិះគន់ចំពោះជំនួយរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនទៅវិញ និងបានអំពាវនាវឲ្យបញ្ចប់សង្គ្រាមយ៉ាងឆាប់រហ័ស ដែលទាំងនេះគឺពិតជាបង្កើននូវការព្រួយបារម្ភមួយយ៉ាងធំចំពោះអ៊ុយក្រែនអំពីលក្ខខណ្ឌដែលអាចនឹងត្រូវដាក់ចេញ សម្រាប់ការចរចាណាពេលអនាគតណាមួយ។

មន្ទីបញ្ចកោណក្នុងឆ្នាំ ២០២២ បានបើកកិច្ចប្រជុំធម្មតា ដែលឥឡូវនេះមានប្រទេសជាង ៥០ បានចូលរួមដើម្បីរកវិធីក្នុងការទទួលបានគ្រាប់រំសេវរាប់សិបលានគ្រាប់ និងអាវុធទំនើបៗរាប់ពាន់លានដុល្លារទៅដល់អ៊ុយក្រែន។ បើសិនជាគ្មានលំហូរនៃការគាំទ្រទេ វាអាចថាប្រទេសនេះនឹងធ្លាក់ទៅលើកណ្ដាប់ដៃប្រទេសរុស្ស៊ី បន្ទាប់ពីការឈ្លានពានទៅលើអ៊ុយក្រែនក៏ថាបាន៕