
កំពង់ធំ៖ ទីតាំងបើកល្បែងស៊ីសង ជ្រកក្រោមអាជ្ញាប័ណ្ណរបស់ ក្រុមហ៊ុន «មហាលាភសម្បត្តិ» ត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការឯកភាពស្រុកបារាយណ៍ ឆ្មក់ចូលបង្ក្រាប ឃាត់ខ្លួនមនុស្ស ចំនួន ០៣នាក់ នាំមកសាកសួរតាមនិតិវិធី។
ការបង្ក្រាបករណីល្បែងអនឡាញខាងលើ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច ហាងកាហ្វេមួយកន្លែង មានម្ចាស់ឈ្មោះ អ៊ី ឡូ នៅផ្សារកំពង់ថ្ម ក្នុងភូមិព្រៃត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
មនុស្សចំនួន ០៣នាក់ដែលសមត្ថកិច្ចឃាត់ខ្លួននោះ រួមមាន ទី១៖ ឈ្មោះ អ៊ី ឡូ ភេទប្រុស អាយុ ៥៦ឆ្នាំ ជាម្ចាស់ផ្ទះ ភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍, ទី២៖ ឈ្មោះ ញ៉ិប សុខណា ភេទស្រី អាយុ ២៦ឆ្នាំ ភ្នាក់ងារល្បែងស៊ីសង ទីលំនៅភូមិចតុលោក ឃុំបារាយណ៍ និង ទី៣៖ ឈ្មោះ វិជ្ជរា ភេទស្រី ២១ឆ្នាំ ភ្នាក់ងារល្បែងស៊ីសង មានលំនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍។
ប្រតិបត្តិការបង្ក្រាប ល្បែងអនឡាញ ប្រភេទឆ្នោតឡូតូជ្រកក្រោមហាងកាហ្វេនេះរបស់ ក្រុមហ៊ុន «មហាលាភសម្បត្តិ» ក្រៅពីឃាត់ខ្លួនមនុស្សទាំង០៣នាក់ សមត្ថកិច្ចដកហូតសម្ភារ: ក្បាលកុំព្យូទ័រ ចំនួន ០៣ គ្រឿង ដុំWifi០១គ្រឿង យកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។
បច្ចុប្បន្នអ្នកពាក់ព័ន្ធក្នុងករណីបើកល្បែងស៊ីអនឡាញឆ្នោតឡូតូជាភ្នាក់ងារ ក្រុមហ៊ុន «មហាលាភសម្បត្តិ» សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី៕



