2024-12-08 17:10
128

ភ្នំពេញ៖ រថយន្ត ម៉ាក Lexus NX200t អ្នកបើកបរប្រើប្រាស់ល្បឿនលឿនហួសកំណត់ ដោយស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំបានបុករះម៉ូតូ ចំនួន ០២គ្រឿង អូសជាង ១០០ម៉ែត្រ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗ និង ចំនួន ០២នាក់ទៀត រងរបួសធ្ងន់ រួចក៏ជ្រុកទៅបុកដើម ០១ដើម ដាក់បាក់រំលំដល់ដី រថយន្តរួញមុខទើបទៅមុខលេងកើត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង ២៣និង៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ត្រង់ចំណុច ផ្លូវលេខ ១៨២ កែងផ្លូវលេខ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះកើតឡើងរវាងរថយន្ត ០១គ្រឿង ម៉ាក Lexus NX200t  ពណ៌ស ស្លាកលេខ ភ្នំពេញ 2BT-4562 បើកបរដោយឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ៧៥ ផ្លូវលេខ ១៧៤ សង្កាត់ផ្សារផ្សារថ្មីទី៣ ខណ្ឌដូនពេញ មានជាតិអាល់កុល ,៦២mg/l បុកជាមួយម៉ូតូ ចំនួន ០២ គ្រឿង (ម៉ាកPCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KF-2588 និង ម៉ាក Let   ពណ៌ស ស្លាកលេខ ភ្នំពេញ 1HA-1977)

តាមការសាក្សីឃើញហេតុការណ៍ បាននិយាយថា មុនពេលកើតហេតុឃើញរថយន្ត ០១គ្រឿង ម៉ាក Lexus NX200t  បើកបរក្នុងល្បឿនលឿន តាមបណ្តោផ្លូវលេខ ១៨២ ក្នុងទិសដៅពីលិចឆ្ពោះទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូ ចំនួន ០២ គ្រឿង ដែលកំពុងធ្វើដំណើរតាមផ្លូវលេខ ២៦១ ពីជើងទៅត្បូង អូសជាង ១០០ម៉ែត្រ ទើបរថយន្តជ្រុលទៅបុកដើមឈើបាក់អស់ ០១ដើម រលំដល់ដី ទើបទៅមុខលេងរួចតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញផ្នែកចរាចរណ៍ បានចុះទៅដល់ភ្លាមៗ និងបានឃាត់ខ្លួនបុរសម្នាក់បើករថយន្តស្ថិតក្នុងស្ថានភាពស្រវឹង ដោយបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ទៀតផង។ ក្នុងករណីនេះ គឺបណ្តាលមនុស្សស្លាប់ ០១នាក់ និងមនុស្សរបួសធ្ងន់ ចំនួន ០២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យព្រះកុសម:។ បច្ចុប្បន្នអ្នកបើករថយន្តសមត្ថកិច្ចជំនាញកំពុងសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕