
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកកិច្ចព្រមព្រៀងរវាង ប.ស.ស. ជាមួយមន្ទីរសម្រាកព្យាបាល ចំនួន ០៣កន្លែង ក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. ជាបណ្តោះអាសន្ន ដោយរងចាំមានការសម្រេចសារជាថ្មី។
ប.ស.ស. បានឱ្យដឹងទៀតថា៖ «សាធារណៈជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ទាំងអស់ មេត្តាជ្រាបថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្អាកកិច្ចព្រមព្រៀង ស្តីពី ការប្រើប្រាស់ និងការផ្តល់ សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ ជាបណ្ដោះអាសន្ន រហូតដល់ មានការជូនដំណឹងជាថ្មី»។
ចំពោះមន្ទីរសម្រាកព្យាបាលឯកជនទាំង៣នោះ រួមមានឈ្មោះ និងមានអាសយដ្ឋានដូចខាងក្រោម៖ ទី១- មន្ទីរសម្រាកព្យាបាល កងកេង ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២- មន្ទីរសម្រាកព្យាបាល រីម សុគន្ធា ស្ថិតនៅផ្ទះលេខ ៤១ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង មន្ទីរសម្រាកព្យាបាល រតនៈ ស្ថិតនៅអាគារលេខ ១៩៧ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
រាជធានីភ្នំពេញ។
បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ចាក់ប្រាប់ដល់មូលដ្ឋានសុខាភិបាលឯកជនទាំង៣ ខាងលើថា៖ «មិនត្រូវបានអនុញ្ញាតផ្តល់សេវា ជូនសមាជិក ប.ស.ស. ទៀតនោះទេ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីមន្ទីរសម្រាកព្យាបាលទាំង៣ នៅតែបន្តផ្តល់សេវាជូនសមាជិក ប.ស.ស. ហើយស្នើសុំទូទាត់ជាមួយ ប.ស.ស. នោះ ប.ស.ស. មិនទូទាត់ជូនឡើយ»។ ករណីការផ្អាកកិច្ចព្រមព្រៀងជាមួយមន្ទីរសម្រាកព្យាបាលឯកជនទាំង៣នេះ គឺជាការជូនដំណឹងដល់សាធារណៈជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ទាំងអស់ ដើម្បីជ្រាបជាព័ត៌មានផងដែរ៕




