
បាត់ដំបង៖ នៅព្រឹកថ្ងៃ ទី០៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាអាជីវករនៅផ្សារបឹងឈូក ដែលរងផលប៉ះពាល់ដោយគ្រោះអគ្គិភ័យ កាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅកាន់បងប្អូនអាជីវករទាំងអស់នៅផ្សារបឹងឈូក។ ទន្ទឹមនេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចថា «ទីណាមានទុក្ខ ទីនោះក៏មានសម្ដេចធិបតីនាយករដ្ឋមន្រ្តីជួយដោះស្រាយ»។
ជាក់ស្ដែង នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវដំណោះស្រាយសំខាន់ៗ ចំនួន ៥ សម្រាប់អាជីវករផ្សារបឹងឈូក ដែលរងផលប៉ះពាល់ ដែលរួមមាន៖ ១)- សាងសង់ និងជួសជុលឡើងវិញនូវតូប រាន និងទីតាំងផ្សេងទៀត ដែលរងផលប៉ះពាល់, ២)- រក្សាស្ថានភាពដើម ទាំងទំហំ ទីតាំង និងម្ចាស់តូប រាន ដូចមុនពេលកើតមានឧបទ្ទវហេតុអគ្គិភ័យ, ៣)- ទទួលយកផ្សារបឹងឈូកមកគ្រប់គ្រងផ្ទាល់ដោយរដ្ឋ និងប្រគល់សិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផលមួយជីវិត ជូនដល់អាជីវករម្ចាស់ដើមដែលបានជួលផ្ទាល់ពីក្រុមហ៊ុនឯកជន, ៤)- ប្រគល់សិទ្ធិកាន់កាប់ សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផលមួយជីវិតលើតូបណាមួយក្នុងផ្សារតូច ជូនដល់អាជីវករនីមួយៗដែលជាអ្នកជួលបន្ត និង ទី៥)- ប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំពិភាក្សាជាមួយអាជីវករ ដើម្បីរៀបចំគណៈគ្រប់គ្រងផ្សារបឹងឈូក។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអភិបាលខេត្តបាត់ដំបង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃខេត្តបាត់ដំបង ព្រមទាំងក្រុមការងារថ្នាក់ជាតិ ដែលបានខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានទាន់ពេលវេលា ទាំងក្នុងការពន្លត់អគ្គិភ័យ, ទាំងការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងទាំងការអនុវត្តគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្រ្តី ដើម្បីឱ្យបងប្អូនអាជីវករទាំងអស់ឆាប់បានប្រកបអាជីវកម្មជាធម្មតាឡើងវិញ៕



