
កណ្តាល៖ មុខសញ្ញាជំនាញធាក់ប្លន់ម៉ូតូ ចំនួន ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចអធិការនគរបាលក្រុងតាខ្មៅ ដេញប្រផាប់ចាប់ប្រភីង ដោយធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច និងព្យាយាមបើករត់គេចខ្លួនមិនរួចពីអន្ទាក់សមត្ថកិច្ច។
ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ផ្នែកនគរបាលព្រហ្មទណ្ឌក្រុងតាខ្មៅ ល្បាតលើដងផ្លូវ ដោយសហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ និងរកាខ្ពស់ ត្រង់ចំណុច ស្តុបសិត្បូ (មហាវិថីស៊ីជីនពីង) កែងផ្លូវ២១អា ប្រទះឃើញជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាក Honda Dream C125 ពណ៍ខ្មៅ និងមានជនរងគ្រោះស្រែកថា «ចោរៗជួយចាប់ផង» ភ្លាមៗនគរបាលបានប្រដេញតាមពីក្រោយ រហូតដល់ចំណុច ផ្លូវកោងវត្តឈូងលាភ ជនសង្ស័យដួលម៉ូតូក៏ឈានដល់ការឃាត់ខ្លួនសង្ស័យបានភ្លាមចំនួន ០១នាក់។
បន្ទាប់មកផ្នែកព្រហ្មទណ្ឌក្រុងតាខ្មៅ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស៊ើបអង្កេតឈានឃាត់ខ្លួនបាន ០១ នាក់ទៀត ដែរជាម្ចាស់ម៉ូតូផ្តល់មធ្យោបាយ ឲ្យក្រុមជនសង្ស័យទាំងនោះជិៈធ្វើសកម្មភាពធាក់ប្លន់ម៉ូតូជនរងគ្រោះ។
ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស និងសំគំនិតក្នុងអំពើលួច (វាយប្លន់យកម៉ូតូ) ជនសង្ស័យបានសារភាពថា៖ «ក្រុមខ្លួនធ្លាប់បានធ្វើសកម្មភាពដេញប្លន់បាន ចំនួន ០៣ករណី ប៉ុន្តែចុងក្រោយនេះ ត្រូវអស់លក្ខជាប់អន្ទាក់សមត្ថកិច្ចតែម្តង»។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕