
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថាៈ «ការសម្រេចរបស់តុលាការកំពូលព្យួរ ការអនុវត្តទោសលើលោកយាយ ជុំ យ៉េន អាយុ ៨២ឆ្នាំ រស់នៅខេត្តតាកែវ ត្រូវបានធ្វើឡើងដោយផ្អែកលើគោលការណ៍មនុស្សធម៌ ក៏ប៉ុន្តែការសម្រេចលើអង្គសេចក្តីជាយ៉ាងណា តុលាការកំពូលនៅមិនទាន់សម្រេចនៅឡើយទេ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ ក្រសួងយុត្តិធម៌ ស្តីពី ករណីលោកយាយអាយុ ៨២ឆ្នាំ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារនៅខេត្តតាកែវ ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នេះ។
អ្នកនាំពាក្យ បានឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ សង្កេតឃើញមានការបន្តចុះផ្សាយ និងធ្វើអត្ថាធិប្បាយទាក់ទងនឹងករណីលោកយាយអាយុ ៨២ឆ្នាំ មានឈ្មោះ ជុំ យ៉េន ដែលត្រូវបានសាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសដាក់ពន្ធនាគារ ដោយនៅក្នុងការចុះផ្សាយទាំងនេះ ក៏មានដែរ ការចុះផ្សាយនូវរូបភាពរបស់ចៅក្រមដោយភ្ជាប់ជាមួយនូវពាក្យជេរប្រមាថ បង្កការប៉ះពាល់ដល់ភាពថ្លៃថ្នូររបស់បុគ្គល។
ពាក់ព័ន្ធនឹងករណីនេះ, អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមបញ្ជាក់ថាៈ «លោកយាយ ជុំ យ៉េន រួមជាមួយនឹងឈ្មោះ ជុំ រុំ និងឈ្មោះ ទេព កោសល ត្រូវបានសាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ៨ខែ ទាក់ទងនឹងបទល្មើសដែលអ្នកទាំង៣នេះ ពុំអនុវត្តតាមសេចក្តីសម្រេចស្ថាពររបស់តុលាការ ហើយថែមទាំងបានធ្វើការវាយបំផ្លិចបំផ្លាញរបង និងសម្ភារផ្សេងទៀតរបស់ ឈ្មោះ សាន់ ភួង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។ តុលាការបានសម្រេចអំពីករណីសំណុំរឿងនេះ ដោយអនុវត្តទៅតាមនីតិវិធីជាធរមាន រហូតដល់សាលក្រមបានចូលជាស្ថាពរ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា៖ «នៅក្នុងសំណុំរឿងនេះ, បន្ទាប់ពីសាលក្រមបានចូលជាស្ថាពរ, លោកយាយ ជុំ យ៉េន បានប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ ដោយបានដាក់ពាក្យបណ្ដឹងសើរើទៅកាន់តុលាការកំពូល ហើយសភាព្រហ្មទណ្ឌតុលាការកំពូល តាមរយៈដីកាសម្រេចចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ ក៏បានទទួលយកបណ្ដឹងសើរើនេះរួចហើយដែរ ដើម្បីបញ្ជូនទៅសភាពេញអង្គនៃតុលាការកំពូលចាត់ការជាសមត្ថកិច្ច»។
បន្ថែមពីនេះទៀត អ្នកនាំពាក្យបានឱ្យដឹងថាទៀតថា សភាព្រហ្មទណ្ឌតុលាការកំពូល ក៏បានសម្រេចផងដែរ ព្យួរការអនុវត្តទោសលើលោកយាយ ជុំ យ៉េន ដែលជាការបើកផ្លូវឱ្យមានការដោះលែងលោកយាយចេញពីពន្ធនាគារនៅថ្ងៃដដែលនោះ។ ការសម្រេចរបស់តុលាការកំពូលព្យួរ ការអនុវត្តទោសលើលោកយាយ ជុំ យ៉េន ត្រូវបានធ្វើឡើង ដោយផ្អែកលើគោលការណ៍មនុស្សធម៌ ក៏ប៉ុន្តែការសម្រេចលើអង្គសេចក្តីជាយ៉ាងណាតុលាការកំពូល នៅមិនទាន់សម្រេចនៅឡើយទេ។
អ្នកនាំពាក្យក្រសួងយុត្តិទធម៌ បានបន្ថែមថាៈ នៅក្នុងសង្គមនីតិរដ្ឋ, ការដោះស្រាយបញ្ហាដោយប្រើយន្តការច្បាប់បែបនេះ គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម ពិសេស ដើម្បីធានាបាននូវទំនាក់ទំនងសង្គមប្រកបដោយសណ្តាប់ធ្នាប់។ ដូចនេះ អ្វីៗត្រូវអនុវត្តទៅតាមច្បាប់ និងនីតិវិធីជាធរមាន ទៅតាមគន្លងនៃសង្គមនីតិរដ្ឋ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមរំលឹកជូនថាៈ «ការជេរប្រមាថជាសាធារណៈលើបុគ្គល គឺមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បុគ្គល និងប៉ះពាល់ដល់វប្បធម៌នៃការគោរពគ្នាទៅវិញទៅមក ដែលជាទំនាមទំលាប់ដ៏ល្អផូរផង់របស់ប្រជាជាតិខ្មែរនោះទេ ក៏ប៉ុន្តែវាក៏ជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្តន្ទាទោសតាមច្បាប់ផងដែរ»
អ្នកនាំពាក្យបានបញ្ជាក់ចុងក្រោយថាៈ «សូមបណ្តាញសារព័ត៌មាន និងសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងសូមទុកឱ្យតុលាការកំពូលដោះស្រាយសំណុំរឿងនេះ ស្របតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីធានាឱ្យបាននូវការសម្រេចសេចក្តីដោយត្រឹមត្រូវ និងយុត្តិធម៌ ដោយផ្អែកទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងក្នុងសំណុំរឿង»។


