2024-12-07 17:52
169

កំពត៖ កញ្ញា ផៃ ច័ន្ចមករា មន្ត្រីនៃក្រសួងកិច្ចការនារី នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នេះ បានបញ្ជាក់ថា៖ «បន្ទាប់ពីបានមកបំពេញទស្សនកិច្ចសិក្សាគម្រោងអនុវត្តសាកល្បងរបស់មេគង្គ-ឡានឆាង នៅស្រុកអង្គរជ័យ ដែលបានដឹកនាំលោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី ប្រតិភូមេគង្គ-ឡានឆាង មកទស្សនាលេងកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាច ដើម្បីបានដឹងអំពីសម្បត្តិធនធានធម្មជាតិវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ជំនឿផ្សេងៗរបស់ប្រជាពលរដ្ឋកម្ពុជា និងមានទេសភាពយ៉ាងស្រស់ត្រកាល»។

ភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិ បានមកលេងកម្សាន្តនៅរមណីយដ្ឋានធម្មជាតិភ្នំកំពង់ត្រាច បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ  ក្រោយពេលបានដើរទស្សនា និងជិះរទេះសេះកម្សាន្តផងដែរ។ រមណីដ្ឋានធម្មជាតិមួយនេះ ស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

កញ្ញា ផៃ ច័ន្ចមករា បានលើកឡើងថា៖ «សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ទាំងខាងក្នុង និងក្រៅ រៀបចំបានល្អ និងស្នើសុំឲ្យខិតខំបន្តទៀត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកាន់តែច្រើន»។

ចំណែកអ្នកផ្តល់សេវាក្នុងវិស័យទេសចរណ៍នៅសហគមន៍បានលើកឡើងថា៖ «ចំនួនភ្ញៀវមានការកើនឡើងជាងមុន  ស្របពេលដែលថ្ងៃរៀបចំពីបុណ្យសមុទ្រកាន់តែខិតជិតមកដល់»។


កញ្ញា ផៃ ច័ន្ចមករា ព្រមទាំងថ្នាក់ដឹកនាំក្រសួងនិងប្រទិភូមេគង្គ- ឡានឆាងផង មានក្តីសប្បាយរីករាយយ៉ាងខ្លាំង  បន្ទាប់ពីបានដើរទស្សនា និងជិះរទេះសេះកម្សាន្តជុំវិញភ្នំ។ កញ្ញាបានកតសម្គាល់ថា ការៀបចំអនាម័យបរិស្ថានផ្សេងៗបានស្អាតល្អ សណ្តាប់ធ្នាប់ ការលក់ដូរមានរបៀបរៀបរយ។ 

តែយ៉ាងណាក៏ដោយ កញ្ញាស្នើដល់ប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋាន និងក្រុមអាជីវករ ត្រូវរួមគ្នាបង្កើនការយកចិត្តទុកដាក់ រៀបចំឲ្យកាន់តែស្អាតជាងនេះ  ដើម្បីត្រៀមទទួលទេសចរ ក្នុងពេលបុណ្យសមុទ្រខាងមុខនេះ។  

ចំណែកអ្នកបររទេះសេះដឹកភ្ញៀវទេសចរ និងអាជីវករលក់គ្រឿងសក្ការបូជា និងនំចំណី បានបញ្ជាក់ដែរថា៖ «រយៈពេលចុងក្រោយនេះ  រមណីយដ្ឋានទេសចរណ៍ធម្មជាតិភ្នំកំពង់ត្រាច  មានភ្ញៀវមកលេងច្រើនជាងមុន ពិសេសថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃឈប់សម្រាកពេលបុណ្យទាន។ សម្រាប់ឱកាសបុណ្យសមុទ្រខាងមុខនេះ ពួកគាត់រំពឹងថាទេសចរនឹងកាន់តែមកលេងច្រើន  ខណៈដែលសេវាកម្មផ្សេងៗគ្មានការដំឡើងថ្លៃនោះទេ»។ 

កញ្ញា ផៃ ច័ន្ចមករា ជាមន្ត្រីមកពីក្រសួងកិច្ចការនារី បានបញ្ជាក់ថា៖ «នាថ្ងៃខាងមុខនេះខេត្តកំពត មានការរៀបចំកម្មវិធីជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យមកលេងកម្សាន្ត ក្នុងនោះរដ្ឋបាលខេត្តកំពតនឹងរៀបចំពិធីប្រណាំងទូក (ង) នៅថ្ងៃទី១១ និង១២ ខែធ្នូខាងមុខនេះ  ហើយបុណ្យសមុទ្រនឹងធ្វើនៅថ្ងៃទី១៣ដល់១៥ ខែធ្នូផងដែរ។ 

កម្មវិធីបើកជាផ្លូវការនៃបុណ្យសមុទ្រ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី-ហ៊ុនម៉ាណែត៕