
បន្ទាយមានជ័យ៖ កាលពីពេលថ្មីៗនេះ មានការចុះផ្សាយ និងចែករំលែកតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនដោយល្បីល្បាញថា៖ «អ្នកផ្ទុកមេរោគអេដស៍នៅក្រុងប៉ោយប៉ែត មានចំនួន ១,៣៣៦ នាក់ អ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល ជាមួយអង្គការ ឬមន្ទីរជំនាញ»។ ជុំវិញករណីនេះ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុង ព្រោះជាព័ត៌មានទិន្នន័យទាំងអស់នេះ ខុសពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់។
មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះពាក់ព័ន្ធការចុះផ្សាយលើទំព័រហ្វេបុករបស់គណនីឈ្មោះ «Nhim Phoeung» ដែលមានខ្លឹមសារថា៖ «អ្នកផ្ទុកមេរោគអេដស៍នៅក្រុងប៉ោយប៉ែត មាន ១,៣៣៦ នាក់ អ្នកខ្លះកំពុងរត់គេចមិនប្រើប្រាស់សេវាព្យាបាល ជាមួយអង្គការ ឬមន្ទីរជំនាញ» ដែលបានចុះផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដែលព័ត៌មាន និងទិន្នន័យទាំងអស់នេះខុសពីការពិត គ្មានមូលដ្ឋានច្បាស់លាស់ ដោយមិនបានសួរបញ្ជាក់ច្បាស់លាស់ពីមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ឬមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលជាអង្គភាពជំនាញក្នុងគ្រប់គ្រងទិន្នន័យ និងផ្តល់សេវាបង្ការ ថែទាំ និងព្យាបាលមេរោគអេដស៍ ជំងឺអេដស៍ និងកាមរោគឡើយ។
មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានបញ្ជាក់ថា៖ «បើគិតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត មានអ្នកផ្ទុកមេរោគអេដស៍ បានមកទទួលសេវាពិនិត្យ និងព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ មានចំនួន ១,៤២២ នាក់ ស្រី ៧២៥នាក់ អ្នកជំងឺដែលមិនមកប្រើប្រាស់បានត្រឹមត្រូវ និងទៀងទាត់មាន ចំនួន ១៧ នាក់ប៉ុណ្ណោះ ហើយស្ថិតនៅក្រោមការតាមដានស្រាវជ្រាវ និងជំរុញរបស់ក្រុមការងារ ដើម្បីឱ្យពួកគាត់មកទទួលសេវា ព្រោះក្នុងចំណោមនេះ អាចមានអ្នកខ្លះ ផ្លាស់ប្តូរទីលំនៅ កន្លែងធ្វើការ។ ម្យ៉ាងទៀត ចំពោះការផ្តល់សេវាបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ អនុវត្តតាមការងារបច្ចេកទេស របស់ក្រុមគ្រូពេទ្យបម្រើការងារនៅតាមមន្ទីរពេទ្យ មិនមែនក្រោមការគ្រប់គ្រង និងផ្តល់សេវារបស់អង្គការដៃគូទេ»។
ចំពោះការផ្សព្វផ្សាយព័ត៌មាន និងការបង្ហាញនូវទិន្នន័យខាងលើ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានចាត់ទុកថា អាចធ្វើឱ្យមានការភ័ន្តច្រឡំ និងការយល់ខុសអំពីមតិសាធារណៈជន ដែលអាចបង្កឱ្យមានការភ័យខ្លាច និងព្រួយបារម្ភ អំពីការងារគ្រប់គ្រង និងការងារបម្រើសេវាបង្ការ ថែទាំ និងព្យាបាលអ្នកជំងឺអេដស៍ពីមូលដ្ឋានសុខាភិបាលសាធារណៈ ដែលកំពុងតែបង្កើនការយកចិត្តទុកដាក់ និងការគិតគូយ៉ាងខ្លាំងចំពោះអ្នកផ្ទុកមេរោគអេដស៍ ហើយដែល សព្វថ្ងៃនេះ រាជរដ្ឋាភិបាលបានផ្តល់បណ្ណសមធម៌ ជូនអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ដោយមិនរើសអើង ដើម្បីងាយស្រួលក្នុងការមកទទួលសេវាសុខាភិបាលសាធារណៈ ដោយមិនគិតថ្លៃ។
មន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះ ផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើ និងស្នើឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Nhim Phoeung» ធ្វើការលុប និងកែតម្រូវចំពោះព័ត៌មាន ដែលបានផ្សព្វផ្សាយដោយគ្មានមូលដ្ឋានត្រឹមត្រូវ និងច្បាស់លាស់ជាបន្ទាន់៕






