
កណ្តាល៖ រថយន្តទេសចរណ៍ចំណុះ ២៤កៅអី ០១គ្រឿង ដែលកំពុងចតទុកចោលលើចិញ្ចើមផ្លូវស្រាប់តែផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ និងរាលដាល់ដល់ផ្ទះឈើ ០១ខ្នង បង្កឱ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយភ្លាមៗនោះ រថយន្តសង្គ្រោះ និងភន្លត់អគ្គិភ័យរបស់ បញ្ជាការដ្ឋានអង្គរក្ស និងស្នងការនគរបាលខេត្តកណ្តាល ចេញប្រតិបត្តិការអន្តរាគមន៍បាញ់ទឹកពន្លត់ និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ដោយគ្មានមនុស្សរងគ្រោះថ្នាក់ឡើយ។
ករណីផ្ទុះរថយន្តទេសចរណ៍ និងផ្ទះខាងលើ បានកើតមានឡើងនាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ត្រង់ចំណុច មាត់ស្ទឹងស្ពានដើមលាភ ក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្រោយមានករណីអគ្គិភ័យឆាបឆេះ រថយន្តទេសចរណ៍ចតទុកចោល និងរាលដាលឆាបឆេះដល់ផ្ទះឈើក្បែរមាត់ស្ទឹង ដោយមានការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំខេត្តកណ្តាល កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយ ការិយាល័យបង្ការសង្គ្រោះ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួមជាមួយរថយន្តសង្គ្រោះ និងពន្លត់អគ្គិភ័យរបស់ បញ្ជាការដ្ឋានអង្គរក្ស បានអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ និងទប់ស្កាត់ ដោយគ្រប់គ្រងស្ថានភាពឆេះបានដោយជោគជ័យមិនបណ្តាល ឱ្យមានអ្នករងរបួស និងឆាបឆេះរាលដាលបន្តរទៀតឡើយ។
យ៉ាងណាមិញ សមត្ថកិច្ចបានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូនដែរបានសហការផ្តល់ព័ត៌មានបានលឿន និងឆាប់រហ័ស ដើម្បីឱ្យនគរបាលចេញអន្តរាគមន៍ជូនទាន់ពេលវេលាផងដែរ៕


