2024-12-07 15:04
144

ភ្នំពេញ៖ វិនាសកម្មកាប់បំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិ (ព្រៃឈើកំពុងកើតមានយ៉ាងក្តៅគគុកសារជាថ្មីម្តងទៀត ដែលមានលក្ខណៈទ្រង់ទ្រាយធំបំផុត នៅតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស ខេត្តរតនគិរី ជាប់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម បានធ្វើឱ្យពលរដ្ឋ មានក្តីបារម្ភយ៉ាងខ្លាំងចំពោះវិនាសកម្មនេះ ដោយមិនទាន់មានមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះទៅទប់ស្កាត់ ឬបង្ក្រាបឱ្យទាន់ពេលវេលានោះឡើយ។

សេចក្តីរាយការណ៍បានឱ្យដឹងថា នាដើមរដូវប្រាំង ក្នុងសប្តាហ៍ទី១ នៃខែធ្នូ ចុងឆ្នាំ២០២៤ នេះ ពលរដ្ឋសង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងរូបភាពទ្រង់ទ្រាយធំធេងខ្លាំង អាចនឹងក្លាយទៅជាវិនាសកម្មធ្ងន់ធ្ងរដល់សម្បត្តិធនធានធម្មជាតិព្រៃឈើកម្ពុជា នៅតំបន់កន្ទុយនាគ ដែលជាតំបន់អភិរក្សការពារសត្វព្រៃ និងព្រៃឈើឧទ្យានជាតិវីរៈជ័យតែម្តង។ សេចក្តីរាយការណ៍ បានឱ្យដឹងថា សព្វថ្ងៃនេះ គេសង្កេខឃើញកម្មករជាច្រើន ជាជនជាតិវៀតណាម បានចូលទៅបោះតង់ដេកកាប់ព្រៃឈើយ៉ាងរង្គាល ក្នុងតំបន់ការពារខាងលើ ដែលមានមុខកាត់ធំៗ ហើយដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ មកគរនៅតំបន់បរិស្ថាន ស្ថិតក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ក្បែរផ្លូវក្រវ៉ាត់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។

តាមសេចក្តីរាយការណ៍ បានបង្ហើបឱ្យដឹងបន្ថែមទៀតថា ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ សកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ មិនមែនមានតែបទល្មើសព្រៃឈើមួយទេ គឺការជីកកាយយករ៉ែមាស ក្នុងភូមិសាស្ត្រស្រុកតាវែង ក៏កំពុងកើតមានយ៉ាងគគ្រឹកគគ្រេងណាស់ដែរ ទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែសកម្មភាពទាំងនេះ គឺបន្តកើតមានដដែល ដោយសារមានគុបគិតពីមន្ត្រីមូលដ្ឋាន និងអ្នកពាក់ព័ន្ធមួយក្តាប់តូចក្នុងតំបន់នោះតែម្តង។

ពាក់ព័ន្ធវិនាសកម្មកាប់បំផ្លាញព្រៃឈើដែលកំពុងកើតមានយ៉ាងរង្គាល ក្នុងតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ក្នុងស្រុកអណ្តូងមាសនេះ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា «លោកសង្ស័យថា ការកាប់ព្រៃឈើនោះធ្វើនៅលើផ្ទៃដីរបស់ក្រុមហ៊ុន នុភាព សុភី អ៊ិនវេសមេន ដែលចាប់ផ្តើមដំណើរឈូសឆាយផ្ទៃដី នៅក្នុងឃុំញ៉ាង ស្រុកអណ្តូងមាស» 

ជុំវិញការកាប់បំផ្លាញព្រៃឈើក្នុងតំបន់កន្ទុយនាគនេះដែរ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ អង្គភាពសារព័ត៌មាន អេឡិចត្រូនិក អឹម អេស ជេ បានព្យាយាមទំនាក់ទំនងទៅលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តាមប្រព័ន្ធតេឡេក្រាម ដើម្បីសុំការបញ្ជាក់អំពីវិធានការទប់ស្កាត់ ឬបង្ក្រាប ការកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ (ព្រៃឈើនៅតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ក្នុងខេត្តរតនគិរី ដោយលោកបានមើលហើយ ប៉ុន្តែមិនមានការឆ្លើយតមនោះទេ។

តាមការកត់សម្គាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ ដែលកំពុងកើតមានបច្ចុប្បន្ន នៅតំបន់កន្ទុយនាគ ខេត្តរតនគិរី ជាប់ព្រំប្រទល់រវាងប្រទេសកម្ពុជា និងវៀតណាម មានលក្ខណៈទ្រង់ទ្រាយធំបែបនេះ ពលរដ្ឋបានសំដែងការបារម្ភបំផុតចំពោះការបាត់បង់ព្រៃឈើ ដែលជាជំរកសត្វព្រៃ និងជីវៈចម្រុះផ្សេងៗជាច្រើនទៀត។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បានយកចិត្តទុកដាក់ក្នុងការថែរក្សាសម្បត្តិធនធានធម្មជាតិគ្រប់ប្រភេទ ឱ្យបានគង់ មាននិរន្តរភាព ប្រកបដោយចីរភាពយូអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។

សូមជម្រាបថា វិនាសកម្មកាប់បំផ្លិចបំផ្លាញព្រៃឈើ ដែលជាសម្បត្តិធនធានធម្មជាតិរបស់កម្ពុជា នៅតំបន់កន្ទុយ នាពេលបច្ចុប្បន្ននេះ ត្រូវបានពលរដ្ឋមើលឃើញថា មានស្ថានភាពអាក្រក់ជាងកាលពីអំឡុងឆ្នាំ២០០៥ ដែលកាសនោះមានលោក ខាំ ខឿន ជាអតីតអភិបាលខេត្តរតនគិរី ដែលត្រូវបានតុលាការរាជធានីភ្នំពេញ ចាប់ដាក់ពន្ធនាគារមួយរយៈ ពាក់ព័ន្ធករណីស៊ីចំណូក  បំផ្លិចបំផ្លាញបរិស្ថាន និងផ្តល់របាយការណ៍ក្លែងក្លាយជាលាយលក្ខណ៍អក្ស ប៉ុន្តែក្រោយមកត្រូវបានអង្គព្រះមហាក្សត្រត្យសម្រេចលើកលេងទោស ដោយព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/២១១ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧។

សូមរំឭកថា លោក ខាំ ខឿន អតីតអភិបាល នៃគណៈអភិបាលខេត្តរតនគិរី ត្រូវបានស្ថាប័នតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ១៧ឆ្នាំ ពីបទ៖ «ទទួលសំណូក»បទ៖ «បំផ្លាញបរិស្ថាន» និងបទ៖ «ផ្ដល់ព័ត៌មាននូវរបាយការណ៍ក្លែងបន្លំជាលាយលក្ខណ៍អក្សរ» តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ១៣៨ «» ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់សាលាដំបូងរាជធានីភ្នំពេញ។ កាលនោះក្រៅពីលោកអតីតអភិបាលខេត្តរតនគិរី ក៏មានមន្ត្រីមានបុណ្យស័ក្តិប៉ុន្មាននាក់ទៀត ត្រូវបានតុលាការរាជធានីភ្នំពេញ ចាប់ខ្លួន និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ពីបទ៖ «ឧក្រិដ្ឋកម្មព្រៃឈើ» នៅតំបន់កន្ទុយនាគនេះផងដែរ។

ពាក់ព័ន្ធសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងរង្គាល ក្នុងតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រស្រុកអណ្តូងមាស ខេត្តរតនគិរីនេះ បណ្តាញសារព័ត៌មាន អឹម អេស ជេ រងចាំទទួលការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធគ្រប់ម៉ោងធ្វើការផងដែរ៕