2025-10-08 22:28
12

កំពត៖ អតីតព្រះចៅអធិការវត្តភ្នំរាប ជាប់ព្រំប្រទល់ព្រំដែនវៀតណាម ស្រុកកំពង់ត្រាច ត្រូវបានកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី ស្ត្រីម្នាក់ ប្តឹងចោទប្រកាន់ ពីបទ៖ «គំរាមកំហែងហែកកេរ្តិ៍»

តាមប្រភពព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥ នេះ អតីតព្រះអធិការវត្តរូបនេះ បានកសមត្ថកិច្ចបញ្ចប់ការសាកសួរ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

ជនសង្ស័យមានឈ្មោះ សុត ដាវី អាយុ ៣៥ឆ្នាំ ជាអតីតព្រះចៅអធិការវត្តភ្នំរាប ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។ អតីតសង្ឃអង្គនេះ ត្រូវបានស្ត្រីម្នាក់ ឈ្មោះ ទួន ពៅធី អាយុ ៤៦ឆ្នាំ រស់នៅភូមិមាត់ពាម ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត ប្តឹងចោទប្រកាន់ ពីបទ៖ «គំរាមកំហែងហែកកេរ្តិ៍» ប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

អតីតព្រះចៅអធិការជាប់ចោទ បានសារថា «ព្រះអង្គពិតជាបានគំរាមកំហែងថានឹងបង្ហោះរូបអាសអាភាស ដែលធ្លាប់រួមេត្រីជាមួយស្ត្រីជាដើមបណ្តឹងប្រាកដមែន ដោយសារតែគាត់ចេះតែរករឿងគាត់ពេក»

សូមបញ្ជាក់ថា ក្រោយបែកធ្លាយរឿងអាស្រូវផ្លូវភេទជាមួយស្ត្រីម្នាក់ ព្រះភិក្ខុ សុត ដាវី បានសម្រេចលាចាកសិក្ខាបទ នៅចំពោះព្រះមេគណខេត្តកំពត មន្ត្រីសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥។ បន្ទាប់មកលាសិក្ខាបទអតីតព្រះសង្ឃអង្គនេះ ត្រូវបានសមត្ថកិច្ចទទួលយកទៅសាកសួរតាមនិតិវិធី តាមបណ្តឹងជនរងគ្រោះ។

បច្ចុប្បន្នក្រោយការសាកសួរត្រូវបានបញ្ចប់អតីតព្រះចៅអធិការអង្គនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់៕