2025-10-08 09:59
23

កំពង់ស្ពឺ៖ មុខសញ្ញាក្រុមជនសង្ស័យធ្លាប់ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះយ៉ាងសកម្មប្រចាំមូលដ្ឋានស្រុកគងពិសី និងកណ្តាល តាមផ្លូវជាតិលេខ៣ នាពេលរាត្រីស្ងប់ស្ងាត់ ពេលនេះ ត្រូវបានកម្លាំងសមត្ថកិច្ចបំបែកបំបុកក្រុមនេះ ឃាត់ខ្លួនបានទាំងអ្នកប្លន់ និងអ្នកទទួលទិញផលចោរ សរុបចំនួន ០៤ នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាឱ្យផ្នែកព្រហ្មទណ្ឌ និងផ្នែកសន្ដិសុខសហការបើកការស្រាវជ្រាវ និងស៊ើបអង្កេតលើករណី «ក្រុមលួចម៉ូតូ ស្ទាក់កាប់ប្លន់ម៉ូតូ មុខសញ្ញាទទួលផលចោរកម្ម» រហូតកំណត់បានមុខសញ្ញាជនសង្ស័យ ឈានដល់បំបែកបានសំណុំរឿងដ៏ក្តៅគគុកនេះ ដោយចាប់ខ្លួនជនសង្ស័យបាន ចំនួន ០៤ នាក់។

លោកអធិការបានឱ្យដឹងថា កាលយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២និង១៥នាទី នៅតាមបណ្ដោយផ្លូវជាតិលេខ ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី មានករណីលួចដោយមានស្ថានទម្ងន់ទោស «កាប់ប្លន់យកម៉ូតូ» បង្កឡើងដោយជនសង្ស័យ ចំនួន ០២ នាក់ ប្រើប្រាស់អាវុធ (ដាវ២ដើម) មធ្យោបាយជិះម៉ូតូគ្មានស្លាកលេខតាមជនរងគ្រោះមកដល់មុខផ្ទះ ខណៈពេលបង្អង់ម៉ូតូបន្ថយល្បឿនចូលផ្ទះ ស្រាប់តែជនសង្ស័យទាញដាវកាប់បណ្តាលឱ្យរងរបួសរួចប្លន់យកម៉ូតូតែម្ដង។ ប៉ុន្តែ ស្របពេលកម្លាំងនគរបាលកំពុងចុះល្បាតតាមគោលដៅសំខាន់ៗ ប្រទះឃើញមុខសញ្ញាសង្ស័យបានស្ទាក់ឃាត់បាន ចំនួន ០២នាក់ រួមមាន ទី១៖ ឈ្មោះ ហែល បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិកំណប់ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងទី២៖ ឈ្មោះ ផន ពេជ្រ ភេទប្រុស អាយុ ២៧ឆ្នាំ នៅភូមិព្រៃតាលឹម ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមចម្លើយជនសង្ស័យទាំងពីរនាក់នេះ កម្លាំងនគរបាលបានរកឃើញថា ជនសង្ស័យធ្វើសកម្មភាព ចំនួន ០៣ លើកទៀត គឺប្លន់ម៉ូតូនៅស្រុកគងពិសី ០១លើក និងផ្លូវជាតិលេខ ៣ ចំនួន ០២ លើក យកទៅលក់ឲ្យឈ្មោះ សាយ បូរី ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិពង្រ ឃុំស្រង់ ស្រុកគងពិសី និងឈ្មោះ ណៃ ឌីម ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ជាមុខសញ្ញាទទួលផលចោរកម្ម មានដីចាប់ខ្លួន ចំនួន ០៣ ករណីពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចជំនាញដកហូតវត្ថុតាង ម៉ូតូ ចំនួន ០៣ គ្រឿង រកឃើញម៉ូតូជនរងគ្រោះ ០១ គ្រឿង ហុងដាខ្មៅ ពាក់ស្លាកលេខ តាកែវ 1M-4455 និងដាវកែឆ្នៃ ចំនួន ០២ ដើម។ 

បច្ចុប្បន្នជនសង្ស័យ៤នាក់ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសារសំណុំរឿងបន្ដកាន់សាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់តាមនីតិវិធីច្បាប់៕