
បាត់ដំបង៖ ចំណាត់ការរបស់អាជ្ញាធរស្រុកគាស់ក្រឡ ចំពោះម្ចាស់ការដ្ឋានសាងសង់ដេប៉ូ «ប្រេងឥន្ធនៈ» អត់ច្បាប់មួយកន្លែង ដែលកំពុងសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ និងស្ថិតលើដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិន ក្នុងឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ពេលនេះចេះប្រែកាយដោយម្ចាស់សំណង់វាយរំលំសរសរឥដ្ឋចេញដាក់ជំនួយដោយសរសេរដែក ដើម្បីបន្លំភ្នែកមហាជន មើលឃើញដូចជាសាងសង់រោងលក់ដូរ ឬផ្ទះរស់នៅធម្មតា ដែលជាល្បែងស្ពិនភ្នែកប៉ុណ្ណោះ ការពិតគឺជាដេប៉ូប្រេងឥន្ធនៈដដែល ព្រោះគេបានជីករណ្តៅ ដើម្បីកប់ស៊ីទែនប្រេងក្រោមដី និងហេដ្ឋរចនាសម្ព័ន្ធនានាស្ទើតែរួចរាល់អស់ហើយ។
ករណីការសាងសង់ដេប៉ូប្រេងឥន្ធនៈខាងលើនេះ កន្លងទៅថ្មីៗនេះ អភិបាលរងស្រុកគាស់ក្រឡ ចំនួន ០២ រូប អនុវត្តតាមបញ្ជារបស់ចៅស្រុកដឹកនាំមន្ត្រីជំនាញរបស់ស្រុក ចូលរួមសហការពីមេឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលដូនបា ចុះពិនិត្យ និងបានរកឃើញថា “ម្ចាស់សំណង់ដេប៉ូប្រេងឥន្ធនៈពិតជាបានសាងសង់រំលោភលើដីសាធារណៈរបស់រដ្ឋ គ្មានច្បាប់អនុញ្ញាត និងស្ថិតលើដីរបស់ក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល កំពុងមានទំនាស់ពិតប្រាកមែន”។
ក្រោយរកឃើញគ្មានច្បាប់ខុសបទដ្ឋានបច្ចេកទេសបែបនេះ មន្ត្រីដែលចុះពិនិត្យនោះ បានធ្វើការហាមឃាត់ និងតម្រូវឱ្យរុះរើសំណង់ទាំងនេះចេញវិញ ប៉ុន្តែម្ចាស់ការដ្ឋានមិនព្រមរុះរើនោះទេ ដោយផ្អាកសកម្មភាពមួយរយៈពេលខ្លីស្រាប់តែចាប់ផ្តើមបន្តការសាងសង់ ប៉ុន្តែវាយរំលំបង្គោលសរសរធំៗពីរដើមចេញ ដាក់សរសរដែកជំនួស និងប្រក់សង្កសីយ៉ាងរំភើយដោយគ្មានអាជ្ញាធរថ្នាក់ណាចុះមកហាមឃាត់ឡើយ។
តាមប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ការដ្ឋានសាងសង់ដេប៉ូប្រេងឥន្ធនៈ ស្ថិងក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ចាប់ផ្តើមធ្វើតាំងពីដើមខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែក្រោយមកអាជ្ញាធរស្រុកចុះមកធ្វើការហាមឃាត់ម្តងហើយ ប៉ុន្តែពេលនេះស្រាប់តែបន្តការសាងសង់ហើយលើកនេះ គឺសម្រុកធ្វើយ៉ាងឆាប់រហ័សដោយវាយផ្តួលរំលំសរសេរធំទាំងពីរដើមចេញ និងបានដាក់សរសរដែកវិញ។ ប្រជាពលរដ្ឋបានបន្តទៀតថា ករណីម្ចាស់ដេប៉ូប្រេងនេះ អាចបន្តការសាងសង់បានដោយរលួនបែបនេះទាល់តែមានការអនុញ្ញាត្តពីអាជ្ញាធមន្ត្រីជំនាញពាក់ព័ន្ធទើបអាចដំណើរបាន។
លោក អ៊ុម វ៉ារី មេធាវីតំណាងដោយអាណត្តិក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល នៅថ្ងៃទី០៨ ខែតុលានេះ បានប្រាប់ឱ្យដឹងថា ពាក់ព័ន្ធករណី បុគ្គលឈ្មោះ ឡៅ ពៅ និង បក្ខពួក បាននឹងកំពុងបន្តសកម្មភាពសាងសង់ការ៉ាសសាំង (ថ្មី) នៅចំណុច «ជ្រូកកកោះ» ក្នុងភូមិព្រៃទទឹង ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បំពាននឹង “សជណ” សាលាខេត្តបាត់ដំបង បំពាននឹង “សជណ” ក្រសួងមហាផ្ទៃ លើទីតាំងដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុន អេហ្គ្រីខលឈរ ហ្គ្រីនហៀល តំណាងរបស់ក្រុមហ៊ុនបានដាក់បណ្តឹងទៅអាជ្ញាធរ និងស្រុកគាស់ក្រឡ ដើម្បីសុំកិច្ចអន្តរាគមន៍ហាមឃាត់ រួមរាល់ហើយ ប៉ុន្តែវិធានការទប់ស្កាត់ហាក់មានការយឺតយ៉ាវ បណ្តែតបណ្តោយឱ្យជនជនឱកាសនិយមមានពេលវេលាសាងសង់ប្រព្រឹត្តទៅដោយរលួល។
លោកមេធាវីបានបន្ថែមថា យោងតាមសេក្តីជូនដំណឹងលេខ ២៧៦៥/២៣សជណ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង, សេក្តីជូនដំណឹងលេខ ៥៣៩ សជណ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ ឯកឧត្តម ឃឹម សៀប អភិបាលរងខេត្តបាត់ដំបង និងសេក្តីជូនដំណឹងលិខិតលេខ ១២៦ សជណ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ របស់ ក្រសួងមហាផ្ទៃ បានណែនាំឲ្យសាលារខេត្តបាត់ដំបង និងសាលាស្រុកគាស់ក្រឡ មានវិធានការទប់ស្កាត់គ្រប់សកម្មភាពទាំងអស់លើដីកំពុងមាន ទំនាស់ជាមួយក្រុមហ៊ុន និងស្នើសុំកិច្ចអន្តរាគមន៍ពីលោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ចាត់វិធានទប់ស្កាត់ការតាមនីតិវិធីច្បាប់ ដោយក្តីអនុគ្រោះ។
លោក រ៉ា ចាន់ តំណាងក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ ខែតុលានេះថា ទីតាំងដែលបុគ្គល ឡៅ ពៅ កំពុងសាងសង់ការ៉ាសាំងនោះ គឺជាផ្នែកមួយនៃកំពុងមានទំនាស់របស់ក្រុមហ៊ុនដែលមានទំហំ ៤ ០៦៧ ហិកតា ស្ថិតនៅភូមិព្រៃទទឹង ឃុំផ្ទាល់មាន់ និងភូមិគោករកា ឃុំជូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ករណីនេះលោកបានដាក់បណ្តឹងអន្តរាគមន៍ទៅ លោក ចិន សំអន មេឃុំដូនបា តាំងចាប់ផ្តើមសាងសង់ដំបូង ដោយលោកថា ចាំទៅចុះមើល និងហាមឃាត់មិនឱ្យសាងសង់ទេ ប៉ុន្តែគ្មានលទ្ធផល។ លោកបន្តថា ពាក់ព័ន្ធការសាងសង់ការ៉ាស់សាំងស្ថិតលើដីក្រុមហ៊ុនកំពុងមានទំនាស់នេះ ដោយសារឃុំគ្មានចំណាត់ការ ទើបលោកដាក់បណ្តឹងមួយទៀតទៅកាន់រដ្ឋបាលស្រុករួចរាល់ហើយដែរ។
សូមជម្រាបថា នៅថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៥ លោក ញ៉ឹក សារ៉េន អភិបាលគាស់ក្រឡ បានចាត់តាំងអភិបាលរងស្រុក ចំនួន ០២ រូប គឺលោក ច្រែង សុជាតិ និង លោក ឆេង ស៊ីវុត្ថា ដឹកនាំក្រុមការងារស្រុក ដោយមានការចូលរួមពីមេឃុំ និងនគរបាលប៉ុស្តិ៍ បានចុះពិនិត្យការសាងសង់ដេប៉ូប្រេងឥន្ធនៈ ស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡនេះ។ ជាលទ្ធផលក្រុមការងាររដ្ឋបាលស្រុក ចុះពិនិត្យជាក់ស្តែងពិតឃើញសាងសង់លើចំណីផ្លូវចូលប្រវែង ១០ ម៉ែត្រ ពិតប្រាកដមែន ក្រោយពីមានការណែនាំ និងសម្របសម្រួល ពីរដ្ឋបាលស្រុក សាម៊ីខ្លួនអ្នកពាក់ព័ន្ធបានព្រមព្រៀងរុះរើសំណង់ និងបញ្ឈប់សាងសង់បន្តទៀត។ ប៉ុន្តែចំពោះកិច្ចសន្យាឱ្យរុះរើរបស់រដ្ឋបាលស្រុកគ្មានប្រសិទ្ធភាពនឹងការអនុវត្តទេ គឺ «សរសេរនឹងដីលប់នឹងជើង» បណ្តែតបណ្តោយឱ្យបុគ្គលជាម្ចាស់ដេប៉ូប្រេងឥន្ធនៈសាងសង់ដោយគ្មានច្បាប់ រំលោភលើដីចំណីផ្លូវសាធារណៈ និងលើដីកំពុងមានទំនាស់យ៉ាងរលួនស្ទើរួចរាល់ ១០០ ភាគរយ។
ពាក់ព័ន្ធរឿងនេះ លោក ឡូវ ពៅ ដែលត្រូវបានគេអះអាងថាជាម្ចាស់ដេប៉ូប្រេងឥន្ធនៈគ្មានច្បាប់នេះ ធ្លាប់បានបដិសេធថា «មិនមែនជារបស់លោកទេ អាចជារបស់ប្អូនលោកទេដឹង!» រួមក៏បិទទូរសព្ទ។ សូមបញ្ជាក់ថា លោក ឡូវ ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញម្នាក់ រស់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។
បើតាមប្រភពគួរឱ្យទុកចិត្តចេញពីរដ្ឋបាលស្រុកបានខ្សឹបឱ្យដឹងថា ក្រុមការងារដែលធ្លាប់ចុះមកពិនិត្យ ហាមឃាត់ និងតម្រូវឱ្យរុះរើសំណង់នេះចេញ ពេលនេះថាមិនដឹងត្រូវធ្វើម៉េចទេ ពីមុនសាងសង់ស្ថានីយ៍ប្រេង ឥឡូវប្រែក្លាយរូបរាងជារោងទៅវិញ ហើយដីនេះកំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិនទៀត រុញទៅឱ្យគណៈកម្មការដោះស្រាយវិវាទដីធ្លីជាអ្នកធ្វើកិច្ចការងារនេះម្តង៕


