
កំពង់ស្ពឺ៖ សំណុំរឿងពាក់ព័ន្ធនឹងករណី «ឃាតកម្ម» ដែលបង្កឡើងដោយនាយប៉ុស្តិ៍នគរបាលពោធិ៍អង្រ្គង នៃអធិការនគរបាលស្រុកបរសេដ្ឋ ត្រូវបានតំណាងអយ្យការនៃអមសាលាដំបូងខេត្តកំពង់ស្ពឺ មានចំណាត់ការដោយសម្រេចចោទប្រកាន់ ពីបទ៖ «ឃាតកម្ម» និងបានបញ្ជូនសំណុំរឿងឱ្យចៅក្រមស៊ើបសួរ ដើម្បីមានចំណាត់ការបន្តតាមនិតិវិធីច្បាប់។ ប៉ុន្តែ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការ មិនបានបញ្ជាក់អំពីមាត្រាទីប៉ុន្មាននៃបទចោទនោះឡើយ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៨១១ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ ទាក់ទិននឹងករណី «ផ្ទុះអាវុធ» បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។
អ្នកនាំពាក្យបានបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ២២និង០០នាទី នៅតាមផ្លូវបេតុង ស្ថិតក្នុងភូមិក្រញូង ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានករណីផ្ទុះអាវុធ ចំនួន ០១ គ្រាប់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជា «នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រង» នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ផាន ផាយុ ស្លាប់។
តាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យអយ្យការ បានបន្ថែមទៀតថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង AK47 រួចកសាងសំណុំរឿង បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
បន្ទាប់ពីធ្វើការសួរចម្លើយ និងពិនិត្យភស្តុតាង តំណាងអយ្យការខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ ពីបទ៖ «ឃាតកម្ម» ដោយបើកការស៊ើបសួរទៅចៅក្រមស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៣៦៦ ដកសស ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ ដើម្បីចាត់ការតាមនីតិវិធី។
អ្នកជំនាញផ្នែកច្បាប់បានលើកឡើងថា បទល្មើស «ឃាតកម្ម» ប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ តាមមាត្រា ២០៤ នៃក្រមព្រហ្មទណ្ឌ៕
