
ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅរសៀល ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោងសំខាន់មួយ ស្តីពី «ការអនុវត្តគម្រោងរៀបចំផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ» ជាមួយលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ដែលបានបន្តផ្តល់ជំនួយឥតសំណង ទាំងរថយន្តដឹកសំរាម ថវិកា និងជំនួយបច្ចេកទេស ដើម្បីរួមចំណែកអនុវត្ត «ភាពស្អាត» នៅកម្ពុជា។ លោករដ្ឋមន្ត្រីបានចាត់ទុកកិច្ចសហការនេះជា «ជំហានថ្មីមួយទៀត» ដែលមានប្រសិទ្ធភាពនៃការរៀបចំ និងដាក់ចេញការអនុវត្តផែនការមេ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា (Circular Economy)។
អង្គការ JICA នឹងបន្តកិច្ចសហប្រតិបត្តការនេះ តាមរយៈការផ្តល់ជំនួយបច្ចេកទេសបន្ថែម ជាពិសេសលើការ កសាងសមត្ថភាពក្នុងការរៀបចំទីលានទុកដាក់សំរាម ស្របតាមគម្រោងផែនការមេស្តីពី ការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ ដែលមានរយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២៦៕

