2025-10-07 19:09
30

លោក ពិន វិជ័យ អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ បានលើកឡើថា ក្នុងរយៈពេលចុងក្រោយនេះ ការរាយបន្លាលួស និងការបណ្តេញប្រជាពលរដ្ឋស៊ីវិលកម្ពុជា ឲ្យចាកចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលស្ថិតនៅតំបន់មិនទាន់បានដោះស្រាយកំណត់ព្រំដែនចប់សព្វគ្រប់រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ តាមបណ្តោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យ របស់កម្ពុជា បានបង្កឲ្យមានការភ្ញាក់ផ្អើល និងល្បីសុះសាយ និងបានលឺដល់បណ្តាមេដឹកនាំនៅលើវេទិកាពិភពលោកយ៉ាងខ្ទរខ្ទារ។ 

រដ្ឋាភិបាលថៃ មិនអាចលាក់បាំងបាននូវល្បិចដ៏អាក្រក់របស់ខ្លួន ត្រូវបានគេមើលឃើញថា ជាតិសាសន៍មួយនេះបាននិងកំពុងយក “ច្បាប់ព្រៃឈើ និងច្បាប់ការពារបរិស្ថាន” របស់ខ្លួនធ្វើជាមូលដ្ឋានច្បាប់ក្នុងការអះអាងថា  «តំបន់ដែលកំពុងប្រឈមមុខដាក់គ្នាជាទឹកដី ឬជាតំបន់ព្រៃឈើសាធារណៈរបស់ថៃ» ដែលប្រជាពលរដ្ឋកម្ពុជានឹងត្រូវបានបង្ខំឱ្យចាកចេញមិនអាចរស់នៅបានឡើយ។ ប៉ុន្តែជាក់ស្តែង តំបន់នោះស្ថិតនៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមផែនទីបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ខ្នាត១/២០០.០០០ ដែលបានតម្កល់នៅអង្គការសហប្រជាជាតិ និងដែលបានចែងនៅក្នុង MOU ឆ្នាំ២០០០ ដែលមានភាគីថៃខ្លួនឯងជាហត្ថលេខីថែមទៀតផង។

តើថៃបង្កើតច្បាប់ព្រៃឈើនេះ មានគោលបំណងអ្វី? “ច្បាប់ព្រៃឈើថៃ” ត្រូវបានអនុម័តបង្កើតឡើងនៅទសវត្សរ៍ឆ្នាំ ១៩៤០-១៩៥០ ដោយមានគោលបំណងដើមក្នុងការការពារ និងគ្រប់គ្រងធនធានព្រៃឈើជាតិថៃ។ ច្បាប់នេះអនុញ្ញាតឲ្យរដ្ឋាភិបាលថៃ អះអាងតំបន់ណាមួយថាជា “សម្បត្តិរបស់រដ្ឋ” ប្រសិនបើតំបន់នោះមានលក្ខណៈជាព្រៃឈើ ឬតំបន់ធម្មជាតិដែលមិនទាន់អភិវឌ្ឍ។

ប៉ុន្តែដោយសារតែការមានមហិច្ឆិតាលោភលន់ និងចង់ពង្រីកទឹកដី និងដោយយល់ឃើញថាបណ្តាប្រទេសមួយចំនួននៅជិតខាងខ្លួន ដូចជាកម្ពុជាជាដើមជាប្រទេសតូចៗ មានសេដ្ឋកិច្ចនៅទន់ខ្សោយ និងមានប្រជាជនតិច ក៏ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកថៃបានបែកគំនិតបង្វែច្បាប់ព្រៃឈើនេះ ទៅជាឧបករណ៍មួយសម្រាប់បំរើឲ្យយុទ្ធសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រពង្រីកព្រំដែនរបស់ខ្លួនជាមួយប្រទេសជិតខាងជាពិសេសគំនិតវាតទីនេះ បាននិងកំពុងធ្វើជាមួយប្រទេសកម្ពុជា និងឡាវ។ យុទ្ធសាស្ត្រនេះ ថៃអនុវត្តបានផលខ្លះៗរួចមកទៅលើប្រទេសឡាវ នោះគឺយុទ្ធសាស្ត្រ “Salami-slicing strategy” ដែលជាយុទ្ធកាត់យកបន្តិចម្តងៗជាប្រចាំ និងប្រើរយៈពេលយូរ និងមិនឲ្យមានការប្រតិកម្មខ្លាំងពីប្រទេសជិតខាង។

ថៃថែមទាំងប្រើច្បាប់ព្រៃឈើនេះ ជាខែលនយោបាយវាតទីលើទឹកដីជម្លោះជាមួយប្រទេសជិតខាងខ្លួនដោយបានប្រើច្បាប់នេះ ដើម្បីអះអាងថា តំបន់ដែលកសិករខ្មែរបានកំពុងរស់នៅ ឬធ្វើស្រែចម្ការនោះ ជាតំបន់ព្រៃឈើថៃ ហើយប្រជាពលរដ្ឋខ្មែរទាំងនោះ ត្រូវបានគេចាត់ចូលជា “អ្នករំលោភព្រៃឈើរបស់រដ្ឋថៃ”។

ក្នុងគោលបំណងបិទបាំង និងការប៉ុនប៉ងរំលោភជាក់ស្តែងដោយស្ងៀមស្ងាត់ បើទោះបីនៅតំបន់នោះ ថៃមិនមានឯកសារផ្លូវច្បាប់រឹងមាំច្បាស់លាស់ណាមួយដែលអាចយកមកបញ្ជាក់ប្រាប់អន្តរជាតិបានថាជាទឹកដីស្ថិតនៅក្នុងអធិបតេយ្យរបស់ខ្លួនក៏ដោយ ប៉ុន្តែដោយអំពើឈ្លានពាន ថៃក៏បានលើកយកច្បាប់ព្រៃឈើនេះយកមកធ្វើជាសំអាងតែម្តងទៅ និងដើម្បីធ្វើការបណ្តេញប្រជាពលរដ្ឋស៊ីវិលកម្ពុជា ឬបង្កើតតំបន់ទ្រនាប់ Buffer Zone ក្នុងដែនគ្រប់គ្រងរបស់ខ្លួនតាម “យុទ្ធសាស្ត្រកាត់យកទឹកដីបន្តិចម្តងៗ” “Salami-slicing strategy” ដោយជាដំបូងគេប្រើការរំកិលផែននៅលើក្រដាស់ដោយសំអាងលើទី ខ្នាត់១/៥០.០០០ បន្ទាប់ទៀតគេចាប់ផ្តើមរំកិលផែនទីលើទឹកដីជាក់ស្តែងឲ្យត្រូវតាមផែនទីរបស់គេ ដើម្បីពង្រីកទឹកដីជាប់ព្រំដែនឲ្យទៅជាផ្នែកមួយក្នុងទឹកដីថៃពិតប្រាកដ។បន្ទាប់មកថៃចាប់បង្ខំកម្ពុជាឲ្យទទួលស្គាល់យកស្ថានភាពព្រំដែនថ្មីដែលខ្លួនបានគូសវាសដោយឯកតោភាគីនោះ តាមការទាមទារបស់ខ្លួនដោយដាក់សម្ពាធខាងផ្នែកយោធា ព្រោះភាគីថៃ បានយល់ច្បាស់ថា ក្រោយបទឈប់បាញ់ចូលជាធរមានមកកម្ពុជាបានគោរព និងប្រកាន់យកយ៉ាងម៉ត់ចត់ មិនប្រើអាវុធទប់ទល់ទេ ព្រោះកម្ពុជាចង់បានសន្តិភាព និងចង់បញ្ចប់សង្គ្រាម។ ទោះបីដឹងថានោះជាទង្វើឈ្លានពានកម្ពុជាក៏ដោយ។

តើការអនុវត្តនៅភូមិជោគជ័យ និងភូមិព្រៃចាន់ របស់កម្ពុជានេះ ជាវិធីសាស្ត្រនៃការអនុវត្តយុទ្ធសាស្ត្រ “Salami-slicing strategy” ដែរឬទេ? ភូមិទាំងពីរនេះស្ថិតនៅក្នុងទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ស្របតាមអនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧ ក៏ដោយ និងភូមិទាំងនោះប្រជាពលរដ្ឋស៊ីវិលកម្ពុជាបានរស់នៅ និងគ្រប់គ្រងតំបន់នោះ និងមានសញ្ជាតិកម្ពុជាស្របតាមច្បាប់របស់ប្រទេសកម្ពុជា។ ប៉ុន្តែថៃបែរបានចាប់ផ្តើមយកច្បាប់ព្រៃឈើនេះ មកអះអាងថា «តំបន់នោះស្ថិតក្នុងតំបន់ព្រៃអភិរក្សរបស់ខេត្តស្រះកែវនោះទៅវិញ»។តាមពិតទៅតំបន់នៅតាមបណ្តោយព្រំដែនដែលមិនទាន់បានវាស់វែង រវាងប្រទេសទាំងពីរនេះទាំងកម្ពុជា និងថៃ បានដឹងច្បាស់ណាស់ថាក្នុងទឹកដីកម្ពុជាក៏មានកន្លែងខ្លះប្រជាជនថៃ បានកំពុងរស់នៅដោយរំលោភចូលមកក្នុងទឹកដីកម្ពុជាដែរ តែកម្ពុជាមិនទាន់បាននិយាយ និងប្តឹងតវ៉ានៅឡើយទេ ព្រោះរង់ចាំគណកម្មការកិច្ចការព្រំដែនធ្វើការងារវាស់វែងចប់សព្វគ្រប់ជាមុនសិន ពេលនោះទើបយើង និងធ្វើការចរចាគ្នារកវិធីដោះស្រាយនោះទើបជាវិធីសាស្ត្រល្អដែលកម្ពុជាកំពុងប្រកាន់យក និងជាប្រទេសស៊ីវីល័យដែលអន្តរជាតិគោរព និងកោតសរសើរ មិនមែនធ្វើតាមតែការនឹកឃើញរបស់យោធាដោយខ្វះវីជ្ជាជីវៈ ដោយបង្គាប់ឲ្យអាជ្ញាធរចូលមកវាស់ស្ទង់ដី និងដាក់សញ្ញាព្រមានបណ្តេញប្រជាពលរដ្ឋឲ្យចាកចេញពីភូមិកររបស់ប្រជាពលរដ្ឋកម្ពុជា តាមបែបទង្វើអមនុស្សធ៌មដូច្នេះនោះទេ។

ជាក់ស្តែងណាស់ វិធីដដែលដែលថៃបានអនុវត្តនៅតាមតំបន់ជាច្រើនដែលមានព្រំដែនជាប់ជាមួយខ្លួន ដែលយកវិធី “យុទ្ធសាស្ត្រកាត់យកទឹកដីបន្តិចម្តងៗ” នេះ ដោយមិនប្រើកម្លាំងយោធាដោយផ្ទាល់ទេ ប៉ុន្តែប្រើអំណាចច្បាប់ក្នុងប្រទេសរបស់ខ្លួនក្នុងការបង្កើតការឈ្លានពានតាមរយៈបំលែងស្ថានភាពការពិត ដែលនេះជាវិធីសាស្ត្រស្មោគគ្រោគបំផុតដែលថៃកំពុងធ្វើកន្លងមក។ និយាយជារួម ច្បាប់ព្រៃឈើរបស់ថៃនេះ គឺមិនមែនជាច្បាប់ពិតប្រាដកសម្រាប់ការការពារបរិស្ថាននោះទេ ប៉ុន្តែច្បាប់នេះកំពុងតែត្រូវបានគេបិទបាំងបំភ្លៃដោយយកមកធ្វើជាឡប់ឡែឲ្យក្លាយទៅជាឧបករណ៍នយោបាយសម្រាប់ប្រជាប្រិយភាព ការពង្រីកអំណាច និងការពង្រីកទឹកដីឈ្លានពានកម្ពុជាតេប៉ុណ្ណោះ។ ច្បាប់ព្រៃឈើរបស់ប្រទេសថៃនេះគេអាចហៅម្យ៉ាងទៀតថា “ច្បាប់ឈ្លានពានកម្ពុជា”។ ដូចជាករណីនៅភូមិជោគជ័យ និងភូមិព្រៃចាន់ គឺជាឧទាហរណ៍ជាក់ស្តែង និងច្បាស់លាស់មិនអាចប្រកែកបាន ព្រោះពួកឈ្លានពានថៃកំពុងប្រើជាវិធីសាស្ត្រនេះប៉ុនប៉ងកែប្រែនិងផ្លាស់ប្តូរខ្សែបន្ទាន់ព្រំដែនប្រវត្តិសាស្ត្រផ្លូវការរបស់កម្ពុជាឲ្យទៅតាមរបៀបប្រទេសដែលមិនស៊ីវិល័យ វាតទីនិយម ដូចជំនាន់មនុស្សបុព្វកាល ដែលមិនមានច្បាប់ទំលាប់ របៀបជាក្រុមសង្គមមនុស្សព្រៃយកមកប្រើ។ វិធីនេះ គួរត្រូវបានសហគមន៏អន្តរជាតិស្អប់ខ្ពើម និងថ្កោលទោសឲ្យបានធ្ងន់ធ្ងរបំផុត។

ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ កម្ពុជាបានត្រៀមខ្លួនកំដរក្នុងនាមជាអ្នកការពារសិទ្ធិលើទឹកដីកំណើតរបស់ខ្លួន និងស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ដោយយកឧបករណ៍ច្បាប់អន្តរជាតិ និងការទូតយ៉ាងឆ្លាតវៃ មកធ្វើជាឧបករណ៏សម្រាប់ទប់ទល់ជាមួយ “ច្បាប់ព្រៃឈើថៃ” ដ៏ពុតត្បុតដែលបង្កប់ទៅដោយ “យុទ្ធសាស្ត្រកាត់យកទឹកដីបន្តិចម្តងៗ” “Salami-slicing strategy” របៀបវាតទីបែបចក្រព័ទ្ធនិយមនេះឲ្យខានតែបានដាច់ខាត៕ ដោយ៖ ពិន វិជ័យ អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ