2025-10-07 18:37
36

ភ្នំពេញ៖ ដោយសង្កេតឃើញថា មានជនជាតិថៃមួយចំនួន បានយករូបថតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា ដូចជារូបថត សម្តេចប្រធានព្រឹទ្ធសភា, សម្តេចនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំយោធាកម្ពុជា ទៅធ្វើសកម្មភាពមិនគួរគប្បីជាសាធារណៈ ដូចជាយកទៅធ្វើជាផ្ទាំងបាញ់ស៊ីបសម្រាប់ចាប់យករង្វាន់ និងយកទៅដាក់តាំងជារូបទីង មោង ដោយបានវាយប្រហារ និងប្រមាថជាសាធារណៈជាដើម អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះសកម្មភាពអសីលធម៌ទាំងនេះ ដោយចាត់ទុកជា «អំពើថោកទាប ខ្វះភាពថ្លៃថ្នូរ» ក្នុងនាមជាមនុស្សជាតិដែលមិនអាចទទួលយកបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា យល់ឃើញថា «ជនជាតិអាស៊ី» ជាពិសេសជនជាតិថៃ និងខ្មែរមានប្រពៃណី គោរពយ៉ាងខ្ពង់ខ្ពស់ ចំពោះអង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលរបស់ប្រទេស។ ក្នុងហេតុផលនេះហើយ បានជាថ្នាក់ដឹកនាំកំពូលកម្ពុជាទាំង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីតែងតែអំពាវនាវជាញឹកញាប់ដល់ប្រជាពលរដ្ឋខ្មែរ សូមកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រ និងរូបថតថ្នាក់ដឹកនាំថៃ ទៅធ្វើសកម្មភាពណាមួយដែលមិនគួរគប្បី និងសូមកុំមានការរើសអើងចំពោះប្រជាជនថៃដែលកំពុងស្នាក់នៅ និងប្រកបមុខរបរនៅកម្ពុជា ផងដែរ។

អ្នកនាំពាក្យបានបន្ថែមថា ជាក់ស្តែង កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សូម្បីតែទទួលរងការប្រមាថពីជនជាតិថៃមួយចំនួនយ៉ាងខ្លាំង ក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅតែអំពាវនាវកុំឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើសកម្មភាពបែបនេះតបទៅភាគីថៃវិញឡើយ។ នេះសបញ្ជាក់អំពីគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះ អង្គព្រះមហាក្សត្រ និងថ្នាក់ដឹកនាំថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សង្កេតឃើញថា នៅប្រទេសថៃអំពើអសីលធម៌ និងការប្រមាថគ្រប់បែបយ៉ាងចំពោះថ្នាក់ដឹកនាំកម្ពុជា បានប្រព្រឹត្តទៅដោយចំហរ ដោយគ្មានវិធានការអ្វីទាំងអស់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបណ្តែតបណ្តោយឱ្យអំពើប្រមាថបែននេះកើតមានដោយសេរីនៅក្នុងប្រទេសថៃ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា «កម្ពុជាទោះបីជាប្រទេសតូច មានប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយ ប៉ុន្តែថ្នាក់ដឹកនាំកម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលការណ៍ស្រឡាញ់សន្តិភាព ការដោះស្រាយបញ្ហាដោយសន្តិវិធី និងចង់បានព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមិនដែលចាត់ទុកប្រទេសជិតខាង ឬប្រទេសណាមួយជាសត្រូវឡើយ»៕