
ព្រៃវែង៖ រយៈពេល ០២ ថ្ងៃកន្លងទៅនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបង្ក្រាបករណី ផ្តល់កម្ចីប្រាក់ដោយខុសច្បាប់ មានអត្រាការប្រាក់ខ្ពស់ ៨០ ទៅ ៨៥ ភាគរយនៃប្រាប់ដើម ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ សរុបចំនួន ៦៤ នាក់ (ស្រី២៤នាក់) រួមទាំងវត្ថុតាងមួយចំនួនធំ។
កិច្ចប្រតិបត្តការទ្រង់ទ្រាយធំនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានអនុសាសន៍ណែនាំពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងនាយកដ្ឋានប្រឆាំងភេរវកម្ម ចុះស្រាវជ្រាវករណីខាងលើនេះ។
ក្រោយពីទទួលបានណែនាំពីអគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្នើសុំគោលការណ៍ និងទទួលបានការឯកភាពពីលោក សួន សុម៉ាលីន អភិបាលខេត្ត និង លោក គុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បូករួមជាមួយកម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងភេរវកម្ម អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះស្រាវជ្រាវករណីខាងលើក្នុងមូលដ្ឋានស្រុកមួយចំនួនក្នុង ខេត្តព្រៃវែង អស់រយៈពេល ០២ សប្តាហ៍។
ទីបំផុត កម្លាំងនគរបាលបានស្រាវជ្រាវកំណត់ទីតាំងសង្ស័យ ចំនួន ០៥ កន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យបាន ចំនួន ៦៤ នាក់ (ស្រី២៤នាក់) រួមនិងវត្ថុតាងមួយចំនួនធំទៀត។ ក្នុងចំណោម ក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ ក្រុមនោះ គឺសុទ្ធតែខុសច្បាប់ទាំងស្រុង ដោយក្នុងនោះមាន ០៤ ក្រុម គឺពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវតាមច្បាប់ឡើយ ដោយឡែក ០១ ក្រុមទៀត មានអាជ្ញាប័ណ្ណ ប៉ុន្តែ គឺជាអាជាប័ណ្ណអាជីវកម្មទទួលបញ្ចាំតែប៉ុណ្ណោះ មិនមែនជាអាជ្ញាប័ណ្ណផ្តល់ប្រាក់កម្ចីនោះទេ។ យ៉ាងណាក៏ដោយទីតាំងផ្តល់ប្រាក់កម្ចីទាំងនេះ គឺបានផ្តល់កម្ចី ដោយមានអត្រាការប្រាក់ខ្ពស់ហួសកម្រិត ក្នុងរូបភាពក្លែងបន្លំការប្រាក់ពី ១០ ទៅ ១៥ ភាគរយ ក្នុង១ខែ ប៉ុន្តែការស្រាវជ្រាវលម្ពិត គឺអត្រាការប្រាក់ខ្ពស់រហូតដល់ ៨០ ទៅ៨៥ ភាគរយ។
ឆ្លងតាមរយៈការស្រាវជ្រាវនេះ កម្លាំងនគរបាលក៏មានមូលដ្ឋាន ដើម្បីនាំយកជនសង្ស័យ រួមនិងវត្ថុតាងមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីសួរនាំបន្តតាមនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យជាអ្នកទទួលខុសត្រូវជាន់ ខ្ពស់នៅក្នុងក្រុមផ្តល់ប្រាក់កម្ចីទាំង ០៥ ក្រុមនេះ ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីផ្តន្ទាទោសតាមច្បាប់ ដោយឡែកបុគ្គលិកជាភ្នាក់ងារផ្តល់ប្រាក់កម្ចីធម្មតា ត្រូវបានអប់រំ ធ្វើកិច្ចសន្យា និងដាក់ក្នុងការស៊ើបអង្កេតបន្ត ដើម្បីស្រាវជ្រាវរកបណ្តាញទីតាំងផ្តល់ប្រាក់កម្ចីខុសច្បាប់បន្ថែមទៀត ។
បន្ទាប់ពីកិច្ចប្រតិបត្តិការបង្ក្រាបជំហ៊ានទី ០១ នេះបានបញ្ចប់រួចមក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តព្រៃវែង បានចង្អុលណែនាំឱ្យ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង កោះប្រជុំបន្ទាន់ និងបន្តចុះស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណី ផ្តល់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់នេះឱ្យអស់ពីមូលដ្ឋានទាំង ១៣ ក្រុង/ស្រុក និង ១១៦ ឃុំ/សង្កាត់ ក្នុងខេត្តព្រៃវែង ហើយខិតខំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីការបោកបញ្ឆោទនៃការផ្តល់ប្រាក់កម្ចីខុសច្បាប់ដោយមានអត្រាការប្រាក់ខ្ពស់នេះ ដល់គ្រប់មូលដ្ឋានទាំងអស់នៅក្នុងខេត្តព្រៃវែង។
ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការប្រកាសដល់ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង ឈប់ទទួលប្រាក់កម្ចីខុសច្បាប់ដោយមានអត្រាការប្រាក់ខ្ពស់នេះជាបន្តទៀត និងសូមអំពាវនាវដល់អ្នក ដែលជាប់ពាក់ព័ន្ធ ត្រូវបញ្ឈប់នូវសកម្មភាពផ្តល់ប្រាក់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់នេះជាបន្ទាន់ ក្នុងករណីដែលសមត្ថកិច្ចស្រាវជ្រាវដឹងនោះសមត្ថកិច្ចនឹងធ្វើការបង្ក្រាបឱ្យដល់ឫសគល់ និងគ្មានការលើកលែងដល់ជនណាម្នាក់ឡើយ។
បន្ថែមលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីនគរបាលទាំង ១១៦ ឃុំ/សង្កាត់ ឱ្យពិនិត្យមើលក្រុមដែលផ្តល់ប្រាក់កម្ចីខុសច្បាប់ ដោយមានអត្រាការប្រាក់ខ្ពស់នេះ បើនៅតែបន្តផ្តល់ ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ ឬមានការគំរាមកំហែងដល់ប្រជាពលរដ្ឋ ត្រូវចាត់ទុកពួកគាត់ជាជនប្រព្រឹត្តបទល្មើស ហើយ ត្រូវបង្ក្រាបឱ្យបានទាន់ពេលវេលា និងត្រូវការពារប្រជាពលរដ្ឋឱ្យខាងតែបាន។
ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា៖ «ករណីនេះមើលទៅសាមញ្ញៗ ប៉ុន្តែមហាវិសាមញ្ញ និងជាគ្រោះមហន្តរាយសង្គមជាតិ…»។ លោកបានបន្ថែមថា៖ «ក្រុមផ្តល់ប្រាក់កម្ចីនេះ (ចងការប្រាក់) មានសាខា មានភ្នាក់ងារច្រើន ស្មុគស្មាញ និងមានផែនការច្បាស់លាស់ ដែលទុនកម្ចីផ្តល់ទៅឱ្យពលរដ្ឋនាពេលបច្ចុប្បន្នចំនួនរាប់ពាន់លានរៀល»។តាមរូបភាព និងចម្លើយសារភាព ពួកគេផ្តល់ប្រាក់កម្ចីជូនពលរដ្ឋយកការប្រាក់ចន្លោះពី ១០ ទៅ ១៥ ភាគរយក្នុងមួយខែនៃប្រាក់ដើមសរុប រួចហើយឱ្យពលរដ្ឋបង់ប្រាក់សរុបថេររៀងរាល់ថ្ងៃមកវិញ។ ការបង់ប្រាក់រៀងរាល់ថ្ងៃត្រឡប់មកវិញនេះ ពួកគាត់បានគិតបូកប្រាក់ដើម និងប្រាក់ការចំនួនថេរ នៃប្រាក់បានខ្ចីដំបូងបំផុត ក៏ប៉ុន្តែអាការប្រាក់ពួកគេមិនបានដកថយតាមចំនួនប្រាក់ដើមដែលពលរដ្ឋបានសងរំលួសរាល់ថ្ងៃជូនទៅក្រុមហ៊ុនវិញឡើយ ដូចនេះបើយើងគណនាឱ្យបានត្រឹមត្រូវ ការប្រាក់របស់ពួកគេមានចំនួនប្រមាណជា ៨០ ភាគរយនៃប្រាក់បានខ្ចីដំបូងក្នុងរយៈពេលត្រឹមមួយខែ ការនេះហើយ គឺជាគ្រោះមហន្តរាយមួយចំពោះជីវភាពរបស់ប្រជាពលរដ្ឋខ្វះការយល់ដឹង និងកំពុងទីទាល់ក្រគ្មានជម្រើស។
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានអំពាវនាវឱ្យប្រជាពលរដ្ឋខេត្តព្រៃវែងទាំងអស់ ឈប់ខ្ចីប្រាក់នេះ បន្តទៀត បើមិនដូចច្នោះទេ ១ ឬ ២ឆ្នាំខាងមុខអ្នកដែលបានខ្ចីប្រាក់នេះនឹងលក់ដី លក់ផ្ទះគ្មានសេសសល់ឡើយ។ មួយវិញទៀត បើមានអ្នកផ្តល់កម្ចីខុសច្បាប់បែបនេះ ដំណើរការក្នុងទឹកដីខេត្តព្រៃវែង ស្នើនគរបាលទាំងអស់បង្ក្រាបភ្លាមៗកុំចាំថ្ងៃស្អែក។ អ្នកចងការប្រាក់បែបបោកបញ្ឆោតពលរដ្ឋបែបនេះ បើហ៊ានរករឿងប្រជាពលរដ្ឋ នគរបាលត្រូវចូលរួមការពារប្រជាពលរដ្ឋឱ្យខាងតែបាន៕


