2025-10-05 13:13
60

បាត់ដំបង៖ ដេប៉ូប្រេងឥន្ធនៈមួយកន្លែង ដែលសាងសង់ខុសលក្ខណៈបច្ចេកទេស ដោយរំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ និងដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិន បានបន្តការសាងសង់យ៉ាងមមាញឹក ដោយគ្មានអាជ្ញាធរឃុំ ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធចុះហាមឃាត់ ឬមានវិធានការឡើយ។ 

ទីតាំងដេប៉ូប្រេងនេះ កាលពីកន្លងទៅថ្មីៗនេះ លោក ញ៉ឹក សារ៉ែន ចៅហ្វាយស្រុកគាស់ក្រឡ បានចាត់អភិបាលរង ចំនួន ០២ រូប ដឹកនាំមន្ត្រីជំនាញរបស់ស្រុក សហការជាមួយអាជ្ញាធរឃុំដូនបា បានចុះត្រួតពិនិត្យ និងហាមឃាត់ផ្អាកជាបណ្តោះអាសន្ន និងតម្រូវឱ្យរុះរើចេញ ព្រោះរកឃើញថា «រំលោភលើដីចំណីផ្លូវរបស់រដ្ឋ» ពិតប្រាកដមែន។

ម្ចាស់ដេប៉ូប្រេងឥន្ធនៈ ដែលកំពុងសាងសង់ខុសលក្ខណៈបច្ចេកទេសស្តង់ដាខាងលើនេះ មានទីតាំងតាមផ្លូវក្រាលគ្រួសក្រហម ក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានមេឃុំដូនបា លោក ចិន សំអន ធ្លាប់បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ការសាងសង់នោះគ្មានច្បាប់ទំលាប់ទេ» ដែលជារបស់លោក ឡូវ ពៅ រស់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។ 

សូមបញ្ជាក់ថា ទីតាំងដីដែលកំពុងសាងសង់ដេប៉ូប្រេងនេះ គឺជាដីក្រុមហ៊ុន អេហ្គ្រីខលឈ័រ ហ្គ្រីនហ្វៀល បានទិញដោយស្របច្បាប់ និងកំពុងមានទំនាស់ ដោយសារជនខិលខួចគប់គិតគ្នាជាប្រព័ន្ធលួចធ្វើឯកសារលក់-ទិញ និងផ្ទេរសិទ្ធទាំងបំពាន។

លោក ចិន សំអន មេឃុំដូនបា ធ្លាប់បានសន្យា និងមានវិធានការទប់ស្កាត់ហាមឃាត់មិនឱ្យម្ចាស់ដេប៉ូប្រេងឥន្ធនៈនេះសាងសាងបន្តទៀតទេ ព្រោះគ្មានច្បាប់ ហើយពិតជាដីកំពុងមានទំនាស់ជាមួយក្រុមហ៊ុន អេហ្គ្រីខលឈ័រហ្គ្រីនហ្វៀលប្រាកដមែន។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ នេះ ពួកគាត់ក្រុមជាងដឹកដែក និងស័ង្កសីចូលដេប៉ូប្រេងឥន្ធនៈ កាលពីថ្ងៃម្សិលមិញ និងសំរុកធ្វើការសាងសង់បន្តទៀត បន្ទាប់មកពួកគាត់បានឃើញមានការផ្អាកសាងសង់មួយរយៈពេលខ្លី។ 

កន្លងមកពួកគាត់ឃើញអាជ្ញាធរឃុំ និងស្រុកចុះមកហាមឃាត់ម្តង ដោយរកឃើញសាងសង់គ្មានច្បាប់ និងរំលោភលើដីចំណីផ្លូវទៀតផង ប៉ុន្តែមិនដឹងម្ចាស់ស្ថានីយ៍ស៊ិសស៊ុះជាមួយអាជ្ញាធររបៀបម៉េចទេ ទើបអាចបន្តការសាងសងទៀតបាន ពិតជាមិនធម្មតាមែន។

លោក ឡូវ ពៅ ដែលត្រូវបានគេអះអាងថា ជាម្ចាស់ដេប៉ូប្រេងឥន្ធនៈទីតាំងខាងលើនេះ ធ្លាប់បដិសេធ៖ «ដេប៉ូប្រេង នៅភូមិគោគរកា ឃុំដូនបា ស្រុកគាស់ក្រឡនេះ មិនមែនជារបស់លោកទេ មើលច្បាប់ឈ្មោះរបស់អ្នកណាគេ? ក្រែងវាជារបស់ប្អូនលោកអ្នកធ្វើទេដឹង»។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោក ញឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ ពេលអង្គភាពសារព័ត៌មាន MSJ សុំការបកស្រាយបំភ្លឺជុំវិញ ករណីការសាងសង់ដេប៉ូប្រេងឥន្ធនៈហាក់រំលោភលើដីចំណីផ្លូវសាធារណៈរបស់រដ្ឋ និងមានច្បាប់អនុញ្ញាត ឬគ្មានច្បាប់នោះ? លោកឆ្លើយយ៉ាងខ្លីថា៖ «ម៉េចបានដឹងថាវារំលោភលើដីចំណីផ្លូវ។ ចាំលោកធ្វើការស្រាវជ្រាវ រួចក៏បិទទូរសព្ទតែម្តង»។

សូមជម្រាបថា ក្រោយបែកធ្លាយការសាងសង់ដេប៉ូប្រេងឥន្ធនៈសង្ស័យថាគ្មានច្បាប់ និងរំលោភលើដីចំណីផ្លូវលោក ញ៉ឹក សារ៉េន អភិបាលគាស់ក្រឡ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២៥ បានចាត់តាំងលោក ច្រែង សុជាតិ  និងលោក ឆេង ស៊ីវុត្ថា ជាអភិបាលរងស្រុក ដឹកនាំក្រុមការងារស្រុក ដើម្បីចូលរួមសហការជាមួយអាជ្ញាធរឃុំ និងព្រមទំាង នាយប៉ុស្តិ៍ឃុំ បានចុះពិនិត្យការសាងសង់ដេប៉ូប្រេងឥន្ធនៈ ស្ថិតនៅភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡនេះ។ 

ជាលទ្ធផលក្រុមការងាររដ្ឋបាលស្រុក ចុះពិនិត្យជាក់ស្តែងពិតជាឃើញសាងសង់លើចំណីផ្លូវចូលប្រវែង ១០ម៉ែត្រ ពិតប្រាកដមែន ក្រោយពីមានការណែនាំ និងសម្របសម្រួល ពីរដ្ឋបាលស្រុក សាម៉ីខ្លួនអ្នកពាក់ព័ន្ធបានព្រមព្រៀងរុះរើសំណង់ និងបញ្ឈប់សាងសង់បន្តទៀត។

លោក អ៊ុម វ៉ារី មេធាវីតំណាងដោយអាណត្តិរបស់ក្រុមហ៊ុនអេហ្គ្រីខលឈ័រ ហ្គ្រីនហៀល បានប្រាប់ឱ្យដឹងថា «ករណីបុគ្គលដែកកំពុងតែសាងសង់រំលោភលើដីរបស់ក្រុមហ៊ុនកំពុងមានទំនាស់នេះ លោកបានដាក់បណ្តឹងស្នើសុំកិច្ចអន្តរាគមន៍ទៅកាន់អាជ្ញាធរឃុំដូនបា ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។ 

ចំពោះវិធានការនៃការទប់ស្កាត់ ផ្អាក ឬហាមឃាត់ម្ចាស់ការដ្ឋានសាងសង់ខាងរដ្ឋបាលស្រុកគាស់ក្រឡចាត់មន្ត្រីឱ្យមកពិនិត្យជាក់ស្តែង បានហាមឃាត់ការសាងសង់ និងធ្វើកិច្ចសន្យាឱ្យម្ចាស់រុះរើចេញ ប៉ុន្តែម្ចាស់មិនព្រមរុះរើតាមការណែនាំរបស់ស្រុកទេ ស្រាប់តែស្ងាត់បន្តការសាងសង់បំពានបំរាមរបស់អាជ្ញាធរមានសមត្ថកិច្ចយ៉ាងរំភើយ»។

លោកមេធាវីបានសង្កត់ធ្ងន់ថា៖ «រឿងសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈនេះ គឺបានរំលោភលើ “សជណ” របស់រដ្ឋបាលស្រុកគាស់ក្រឡ និងរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងផ្ទុយទៅនឹងខ្លឹមសារ “សជណ” របស់ក្រសួងមហាផ្ទៃផងដែរ ឱ្យផ្អាករាល់សកម្មភាពទាំងឡាយណាដែលបានធ្វើ និងកំពុងធ្វើនៅលើទីតាំងដីតាមការអះអាងរបស់ក្រុមហ៊ុនអេហ្គ្រីខលឈ័រ ហ្គ្រីនហៀល ខូអិធីឌី ដែលស្ថិតនៅភូមិព្រៃទទឹង ឃុំផ្ទាល់មាន់ និងភូមិគោករកា ឃុំជូនប្ផា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង» តែម្តង៕