2025-10-05 12:57
59

ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី០៥ ខែតុលា ឆ្នាំ២០២៥ នេះ កម្លាំងសមត្ថកិច្ចចម្រុះជំនាញគយ និងរដ្ឋាករកម្ពុជា និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ព្រមទាំងមន្ត្រីជំនាញ ក.ប.ប. បានបន្តចុះពិនិត្យ និងឆែកឆេរទីតាំងស្តុកទំនិញមួយកន្លែងទៀត ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ 

ការចុះនេះបន្ទាប់ពីបានរកឃើញទំនិញមានប្រភពមកពីប្រទេសថៃ និងប្រទេសចិន សរុបចំនួនជាង ៧៦ តោន ក្នុងឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែងសិ្ថតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីថ្ងៃម្សិលមិញ។

ទីតាំងឃ្លាំងស្តុបទំនិញដ៏ធំនេះ ត្រូវបានគេសង្ស័យនាំចូលប្រហិតក្លាសេ និងផ្លែឈើពីប្រទេសថៃ និងប្រទេសចិន ដោយខុសច្បាប់។ 

ក៏ប៉ុន្តែមន្ត្រីជំនាញ ពុំទាន់បញ្ជាក់អំពីចំនួនទំនិញដែលត្រូវបានរកឃើញបាននាំចូលមកដោយខុសច្បាប់នៅឡើយទេ។ 

សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៥ កងកម្លាំងចម្រុះគយ និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរកឃើញទំនិញរក្សាទុកដែលមានប្រភពមកពីប្រទេសថៃ និងប្រទេសចិនសរុប ចំនួនជាង ៧៦ តោន ពីឃ្លាំងស្តុកទំនិញដ៏ធំមួយកន្លែង យីហោ «ខេ.យូ.អេស ខូអិលធីឌី» ស្ថិតតាមបណ្តោយផ្លូវលេខ ៣៨ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

ទំនិញដែលរក្សាទុកក្នុងឃ្លាំងមានប្រភពមកពីប្រទេសថៃ និងប្រទេសចិន រួមមាន៖ ប្រហិតក្លាសេនាំចូលពីប្រទេសថៃ ជាង ២៦ តោន និងផ្លែប៉ោមនាំចូលពីប្រទេសចិន ចំនួនជាង ៥០ តោន៕