
រតនគិរី៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តរតនគិរី លោកមេឃុំយ៉ាទុង លោកមេភូមិពាក់ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ បានធ្វើការចុះត្រួតពិនិត្យការបំពុលបរិស្ថាន បង្កឡើងដោយក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD ធ្វើអាជីវកម្មរ៉ែមាស និងបានរកឃើញករណីសំណល់រាវហូរចូលតំបន់ទឹកអូរធម្មជាតិ (អូរត្រាយ) ស្ថិតនៅក្បែរក្រុមហ៊ុន ចម្ងាយប្រមាណ ៣០ ម៉ែត្រ ហើយអូរនេះ មានទំនាក់ទំនងទៅអូរយ៉ាដាវ។
សំណល់រាវចេញពីក្រុមហ៊ុន បានធ្វើឱ្យកម្រិតអុកស៊ីសែន នៅក្នុងទឹកអូរថយចុះ បង្កឱ្យមានត្រីងាប់មួយចំនួន។ ជាមួយគ្នានេះ ក្រុមការងារបានយកសំណាកសំណល់រាវ និងសំណាកទឹកអូរ សរុបចំនួន ០៥ ទីតាំង មកវិភាគនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថានផងដែរ។
ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់តម្រូវឱ្យក្រុមហ៊ុន MESCO GOLD (CAMBODIA) LTD ដែលមានទីតាំងស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវជាបន្ទាន់ទោះរូបភាពណាក៏ដោយ និងត្រូវទទួលរងពិន័យអន្ដរការណ៍ យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា ១៥៦ មាត្រា ១៧៣ មាត្រា ២៨៧ និងមាត្រា ៦៩៤ និងអនុក្រឹត្យលេខ២៧ ស្ដីពីការត្រួតពិនិត្យការបំពុលទឹក។
ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនត្រូវផ្ដល់សំណងផលប៉ះពាល់ការខូចខាតបរិស្ថាន និងសុខភាពសាធារណ:, ត្រូវកែសម្រួលប្រព័ន្ធប្រព្រឹត្តិកម្មសម្អាតសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស, ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (EIA ) និងបង់មូលនិធិបរិស្ថាន និងសង្គម និងមូលនិធិទាយជ្ជទានបរិស្ថានឱ្យបានទៀងទាត់។
ក្រុមហ៊ុនត្រូវបូមសំណល់រាវចេញពីស្រះរងកករ ទៅដាក់នៅស្រះស្ដុកបណ្ដោះអាសន្ន (ស្រះក្រាលកៅស៊ូខ្មៅ) ករណី ស្រះស្ដុកពុំមានសមត្ថភាពស្ដុកគ្រប់គ្រាន់ ក្រុមហ៊ុនត្រូវធ្វើការជីកស្រះបន្ថែមសម្រាប់ស្ដុកសំណល់រាវបណ្ដោះអាសន្ន, ត្រូវជួសជុលទប់ស្កាត់ចំណុចបែកធ្លាយសំណល់រាវ, ត្រូវរៀបចំប្រព័ន្ធការពារសំណល់រាវចេញពីទីតាំងកិន និងរែងរ៉ែកុំឱ្យលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង និងត្រូវអនុវត្តចំណុចទី ៦ ៧ និង៨ ខាងលើ ជាបន្ទាន់ឱ្យបានរួចរាល់នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ជាកំហិត ដើម្បីទប់ស្កាត់ការបំពុលទឹកសាធារណៈ និងរាយការណ៍ជូនមន្ទីរបរិស្ថាន និងក្រសួងបរិស្ថាន៕
