
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ ដោយធ្វើការដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងបានធ្វើការបំពុលខ្យល់។
ជាមួយគ្នានេះ ក្រុមហ៊ុន ក៏ពុំបានអនុវត្តតាមកិច្ចសន្យាការពារបរិស្ថានផងដែរ។ ក្រសួងបរិស្ថាន បានចាត់វិធានការច្បាប់ចំពោះមុខគឺ៖ ហាមដាច់ខាតដល់ក្រុមហ៊ុន យកកម្ទេចក្រណាត់ទៅដុតក្នុងឡចំហាយ ទោះក្នុងករណីណាក៏ដោយ។ ក្រុមហ៊ុនត្រូវរងពិន័យអន្តរការណ៍ករណីល្មើស មាត្រា ១៥៦ និងមាត្រា ៦៩៤ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។ ក្រុមហ៊ុនត្រូវបង់សំណងខូចខាតប៉ះពាល់បរិស្ថាន និងឡចំហាយត្រូវដំណើរប្រព័ន្ធចម្រោះសម្អាតផ្សែងឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន ដឹកនាំដោយ លោក ឡៅ គឹមឈី អនុប្រធានាយកដ្ឋាន នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ បានចុះពិនិត្យ និងរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd បានប្រព្រឹត្តផ្ទុយច្បាប់ ដោយនៅក្នុងរោងចក្រ ក្រុមការងារបានរកឃើញសារធាតុ និងករណីបង្កឱ្យមានការបំពុលបរិស្ថានមួយចំនួនដូចជា៖ ឃើញមានសំណល់កម្ទេចក្រណាត់លាយផេះនៅមាត់ឡចំហាយ, មានកន្លែងស្តុកកម្ទេចក្រណាត់ជាប់បន្ទប់ដាក់ឡចំហាយ, ក្រុមការងារបានធ្វើតេស្ដសារធាតុបំពុលខ្យល់ ពីបំពង់ផ្សែងឡចំហាយ ដោយប្រើប្រាស់ឧបករណ៍ Testo 350 ដែលបានរកឃើញ សារធាតុ SO2=៧២០ppm។
បើប្រៀបធៀបជាមួយស្ដង់ដាបញ្ចេញសារធាតុបំពុលខ្យល់ SO2=៥០០ppm គឺមានប៉ារ៉ាម៉ែត្រកម្រិតលើសស្តង់ដា។
ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ដែលបានផ្តល់ព័ត៌មាន និងរាយការណ៍ករណី មានការបំពុលបរិស្ថានខាងលើ។
ការចូលរួមសាមគ្គីគ្នាពង្រឹងការអនុវត្តសកម្មភាព ដើម្បីកម្ពុជាមានភាពស្អាត តាមរយៈភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតលើមេឃ បានកំពុងចូលរួមចំណែកអនុវត្តការងារគ្រប់គ្រងបរិស្ថាន និងជួយលើកកម្ពស់សុខភាពបរិស្ថាន និងរបស់ប្រជាពលរដ្ឋ ស្រមតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា៕
