2025-10-05 10:38
53

ភ្នំពេញ៖ កម្ពុជា បានបញ្ជាក់ពីជំហរច្បាស់លាស់ជាការឆ្លើយតបជាមួយមេបញ្ជាការភូមិភាគ១ របស់ថៃ ដែលស្នើឲ្យកម្ពុជារៀបចំផែកការជម្លៀសប្រជាជនខ្មែរ ចេញពីតំបន់ ចំនួន ៣ ក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃ អះអាងថា ប្រជានជនកម្ពុជាបានរស់នៅលើដីរបស់ថៃឱ្យបានមុនចូលរួមកិច្ចប្រជុំ RBC ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់១២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ។

នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែតុលា ឆ្នាំ២០២៥ នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥ ម្សិលមិញនេះ យោធភូមិភាគទី៥ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានផ្ញើលិខិតឆ្លើយតបនឹងលិខិតរបស់កងទ័ពភូមភាគទី១ នៃកងទ័ពជើងគោកភូមិន្ទថៃ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ជាការឆ្លើយតបនឹងករណីនេះ យោធភូមិភាគទី៥ បញ្ជាក់ជំហរក្នុងខ្លឹមសារថា៖ យោងតាមស្មារតី នៃកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា យោធភូមិភាគទី៥ បានស្នើអញ្ជើញកងទ័ពភូមិភាគទី១ ដើម្បីប្រជុំវិសាមញ្ញ លើកទី២ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ () នៅថ្ងៃទី១០-១២ខែតុលា ឆ្នាំ២០២៥ នៅក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ដែលភាគីកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៥ បានទទួលលិខិតឆ្លើយតបពីកងទ័ពភូមិភាគទី១ ដោយខ្លឹមសារបញ្ជាក់ថា លុះត្រាតែយោធភូមិភាគទី៥ រៀបចំផែនការជម្លៀសប្រជាជនកម្ពុជា ដែលស្ថិតនៅក្នុងតំបន់ឈមបរិវេណភូមិណងចាន់ ភូមិណងយ៉ាកែវ ស្រុកខូកស្ទឹង ខេត្តស្រះកែវ និងភូមិតាជាក់យ៉ា ស្រុកតា ជាក់យ៉ា ខេត្តស្រះកែវ សរុបចំនួន៣តំបន់ ដោយផ្ញើផែនការជម្លៀសប្រជាជននេះ មកកងទ័ពភូមិភាគទី១នៅថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០២៥សិន ទើបភាគីកងទ័ពភូមិភាគទី១ យល់ព្រមចូលរួមការប្រជុំតាមសំណើខាងលើ។

ករណីនេះ យោធភូមិភាគទី៥ សូមបញ្ជាក់ជំហរថា ការស្នើប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគរវាងយោធភូមិភាគទី៥ និងកងទ័ពភូមិភាគទី១ គឺជាការអនុវត្តន៍ទៅតាមស្មារតីនៃការប្រគល់ភារកិច្ចរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ កម្ពុជា-ថៃ ក៏ដូចជាការដែលបានកំណត់ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥។ 

ចំពោះករណីភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលភាគីកងទ័ពភូមិភាគទី១ បានដាក់ស្នើមក គឺត្រូវអនុវត្តន៍ទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៃប្រទេសទាំងពីរ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ពិសេសក្នុងចំណុច ទី៨ នៃកំណត់ហេតុកិច្ចប្រជុំដែលបានប្រគល់ភារកិច្ចឱ្យ JBC ដែលជាយន្តការមានសមត្ថកិច្ចក្នុងការប្រជុំដោះស្រាយ។ 

ដោយឡែក កិច្ចប្រជុំ RBC ក្នុងកម្រិតយោធភូមិភាគ គឺមានភារកិច្ចត្រឹមតែសម្រួលបញ្ហានៅនឹងកន្លែង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយបញ្ហាដោយសន្តិវិធី ប៉ុន្តែមិនមានសមត្ថកិច្ចកំណត់អំពីខ្សែព្រំដែននោះទេ។

មេបញ្ជាការភូមិទី៥ បានបញ្ជាក់ផងដែរថា «ការអង្កេតនៅលើដីជាក់ស្តែងបានបង្ហាញ និងបញ្ជាក់ច្បាស់ថានៅកន្លែងខ្លះក៏មានការកាន់កាប់ និងអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋថៃ ចូលក្នុងអធិបតេយ្យភាពរបស់កម្ពុជាដែរ»។ 

បញ្ហានេះបានបង្ហាញឱ្យឃើញអំពីភាពស្មុគស្មាញ និងការលំបាកក្នុងការដោះស្រាយបញ្ហាព្រំដែនដែលទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀង និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីបានឯកភាពគ្នាកន្លងមក។ 

កម្ពុជា ប្រកាន់ជំហរគោរពទៅតាមអ្វីដែលជាការព្រមព្រៀងគ្នារវាងប្រទេសទាំងពីរ ពោលគឺត្រូវរង់ចាំលទ្ធផលនៃកិច្ចប្រជុំ JBC ចំពោះករណីនៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (ដោយរួមទាំងតំបន់ដែលមានសំណង់ថៃ និងប្រជាជនថៃ ធ្វើសកម្មភាពហួសបង្គោលព្រំដែនមួយចំនួនផង)។ 

ក្នុងន័យនេះ កម្ពុជា ក៏ជំរុញឱ្យមានកិច្ចប្រជុំ JBC ឱ្យបានឆាប់ដើម្បីស្វែងរកដំណោះស្រាយ។

យោធភូមិភាគទី៥ ស្នើសុំឱ្យគោរពយ៉ាងខ្ជាប់ខ្ជួននូវអ្វីដែលភាគីទាំងពីរ កម្ពុជា-ថៃ បានព្រមព្រៀងគ្នាកន្លងមកក្នុងកិច្ចប្រជុំ GBC ។ 

កម្ពុជាសូមសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្កើតបរិយាកាសអំណោយផល ដល់ដំណើរការស្វែងរកដំណោះស្រាយលើបញ្ហាព្រំដែនដោយសន្តិវិធី ជាពិសេសតាមរយៈការបញ្ចៀសរាល់សកម្មភាពទាំងឡាយ ដែលអាចនាំឱ្យប៉ះពាល់ដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងទាំងសងខាង ដោយរង់ចាំរហូតដល់មានការសម្រេចចិត្ត របស់គណៈកម្មការចម្រុះខណ្ឌសីម៉ាព្រំដែនគោក (JBC) នៃប្រទេសយើងទាំងពីរ។

សូមបញ្ជាក់ថា កងទ័ពថៃ បានព្រមានមកលើកម្ពុជាថា ប្រសិនបើកម្ពុជាមិនមានផែនការជម្លៀសប្រជាជនចេញពីភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃចោទប្រកាន់ថា ពលរដ្ឋខ្មែរកំពុងរស់នៅលើទឹកដីរបស់ថៃ ឱ្យបានមុនថ្ងៃទី០៧ ខែតុលា ខាងមុខនេះទេ ថៃមិនចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) ដែលបានកំណត់ធ្វើឡើងនៅថ្ងៃទី១០-១២ ខែតុលា ក្នុងខេត្តបន្ទាយមានជ័យឡើយ។

ការព្រមានរបស់ថៃ បានធ្វើឡើងតាមរយៈលិខិតផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ Worayos Luangsuwan មេបញ្ជាការភូមិភាគទី១ថៃ ទើបតែឡើងកាន់តំណែងថ្មីៗ កាលពីថ្ងៃសុក្រកន្លងមកនេះ ជូនដំណឹងមកយោធភូមិភាគទី៥ របស់កម្ពុជា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។ 

ខណៈពេលនេះ ភាគីថៃ កំពុងយកតំបន់ភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ របស់កម្ពុជា ធ្វើជាចំណាប់ខ្មាំង ដើម្បីដាក់សម្ពាធមកលើប្រទេសកម្ពុជាមុនកិច្ចប្រជុំ RBC៕