
ភ្នំពេញ៖ អ្នកជំនាញផ្នែកច្បាប់បានលើកឡើងថា បទល្មើស «ឃាតកម្ម» ត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ មាត្រា២០៤ នៃក្រមព្រហ្មទណ្ឌ។
ការលើកឡើងបែបនេះ បន្ទាប់ផ្ទុះការវែកញែកពីសំណាក់អ្នកលេងបណ្តាញបណ្តាញសង្គមពាក់ព័ន្ធករណី លោកអនុសេនីយ៍ឯក ទ្រី បូរិន មេប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រង នៃអធិការនគរបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ផ្ទុះអាវុធ ចំនួន ០១ គ្រាប់ បណ្តាលឱ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ពេលចុះបំពេញភារកិច្ចចុះល្បាតតាមមូលដ្ឋានខ្លួនទទួលខុសត្រូវ និងបានជួបមុខសញ្ញាគួរឱ្យសង្ស័យបានឃាត់ ដើម្បីត្រួតពិនិត្យ ប៉ុន្តែពួកគេមិនព្រមឈប់ព្យាយាមបើករត់គេចពីសមត្ថកិច្ចក៏ជ្រុលបុកលោកមេប៉ុស្តិ៍ចំកាំភ្លើង AK បណ្តាលរាលកៃកាំភ្លើងផ្ទុះចំដើមផ្នែកខាងឆ្វេងតែម្តង។
ពាក់ព័ន្ធករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានអះអាងថា ជនរងគ្រោះបានបើករត់គេច រួចជ្រុលបុកចំអាវុធ AK47 របស់នាយប៉ុស្តិ៍ពោធិ៍អង្គ្រង ទើបបណ្តាលឱ្យរាលកៃផ្ទុះចំជនរងគ្រោះស្លាប់។ ចំពោះករណីលោកអនុសេនីយ៍ឯក ទ្រី បូរិន ស្នងការដ្ឋាននគរបាលខេត្តនិងធ្វើការដោយភាពយុត្តិធម៌ និងធានាផ្តល់ការ ជឿជាក់ដល់ក្រុមគ្រួសារជនរងគ្រោះ។
ជុំវិញហេតុការណ៍នេះ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការបំភ្លឺថា៖ នៅ យប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២និង០០នាទី កំលាំងនគរបាលរដ្ឋបាលពោធិ៍អង្ក្រង ដឹកនាំដោយ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង និងមន្ត្រីនគរបាលប៉ុស្តិ៍ ចំនួន ០៥នាក់ បានចុះធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំពោធិ៍អង្ក្រង លុះមកដល់ចំណុចផ្លូវបេតុង ចំណុចកើតហេតុមានមុខសញ្ញាសង្ស័យ ចំនួន ០២ នាក់ ជិះម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ស្លាកលេខ កំពង់ស្ពឺ 1Z-2338 ពេលនោះសមត្ថកិច្ចបានស្ទាក់ឃាត់ ដើម្បីសួរនាំ ប៉ុន្តែមុខសញ្ញាបើកម៉ូតូមិនព្រមបញ្ឈប់ និងបានព្យាយាមបើកគេចពីសមត្ថកិច្ចបកថយក្រោយរួចបានជ្រុលបុកលោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ បុកចំអាវុធ AK47 បណ្តាលឱ្យរាលកៃផ្ទះចំឈ្មោះ ផា រ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅភូមិព្រៃស្រួល ឃុំពោធិអង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យជនរងគ្រោះស្លាប់ ។
ក្រោយកើតហេតុ លោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍ បានគោរពរាយការណ៍ភ្លាមៗទៅលោកអធិការនគរបាលស្រុកបសេដ្ឋ និងបានប្រគល់ខ្លួនមកផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងដោយអចេតនា និងការធ្វេសប្រហែសរបស់ខ្លួនក្នុងពេលចុះបំពេញភារកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម៕
ក្រោយកើតហេតុ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បាននាំខ្លួនលោកអនុសេនីយ៍ឯក ទ្រី បូរិន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង មកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តនីតិវិធីសាកសួរ និងស្នើសុំគោលការណ៍ថ្នាក់ ដឹកនាំចំណាត់ការតាមផ្លូវច្បាប់ចំពោះសកម្មភាពដែលបានបង្កឱ្យជនរងគ្រោះបាត់បង់អាយុជីវិត។ ចំពោះករណី លោកអនុសេនីយ៍ឯក ទ្រី បូរិន ស្នងការដ្ឋាននគរបាលខេត្តនិងធ្វើការដោយភាពយុត្តិធម៌ និងធានាផ្តល់ការ ជឿជាក់ដល់ក្រុមគ្រួសារជនរងគ្រោះ។



