2025-10-04 14:40
62

ឧត្តមានជ័យ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០២៥  ក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)  ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក បានអញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង ដែលរងផលប៉ះពាល់តាមរយៈការប្រើប្រាស់យន្តហោះចម្បាំងទំលាក់គ្រាប់ MK-84 នៅតំបន់ភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់   និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន។

សូមជម្រាប់ថា ការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃ នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងឧត្តមានជ័យ គឺចាប់តាំងពីព្រលឹមថ្ងៃទី២៤ រហូតដល់២៨ ខែកក្តដា ឆ្នាំ២០២៥ បានធ្វើឱ្យហេដ្ឋាចរនាសម្ព័ន្ធជាច្រើន មានដូចជា វត្តអារាមត្រូវខ្ទេចខ្ទី មន្ទីរពេទ្យរងការខូចខាត សាលារៀនត្រូវបិទ និងខ្ទេចខ្ទាំ លំនៅដ្ឋានប្រជាពលរដ្ឋរងការខូចខាត…ព្រមទាំងមានប្រជាលពលរដ្ឋរាប់ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីភូមិឋានទៅកាន់ទីកន្លែងសុវត្ថិភាព។ ក្នុងកំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា និងថៃនោះ យោធាថៃ បានបើប្រតិបត្តិការវាយសន្ធាប់មកលើកម្ពុជា ដោយប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ បាញ់ផ្លោងដាក់ទីតាំងជនស៊ីវិល និងប្រាសាទរបស់ខ្មែរ យន្តហោះចម្បាំងទម្លាក់គ្រាប់បែក MK-84 បាញ់ផ្សែងពុល ដ្រូនទម្លាក់គ្រាប់បែក ដ្រូនស៊ើបការណ៍ រួមទាំងប្រើប្រាស់គ្រាប់បែកចង្កោម ដែលអាវុធប្រភេទនេះ ត្រូវបានច្បាប់អត្តរជាតិហាមឃាត់ក្នុងការធ្វើសង្គ្រាម។

ដោយមើលឃើញការប្រយុទ្ធគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ថៃ កាន់តែបង្កហានិភ័យខ្ពស់ធ្វើឱ្យទាហាន និងជនស៊ីវិលបាត់បង់ជីវិតច្រើន និងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ ទើបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ានប្តូរវេន បានរៀបកិច្ចប្រជុំពិសេសមួយ នៅទីក្រុងគូឡាឡាំពួរ ម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិកសហប្រធានរៀបចំ និងចិនចូលរួមអង្កេត ដើម្បីឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់បន្ទាន់ដោយគ្មានលក្ខខ័ណ្ឌ រវាងកម្ពុជា និងថៃ ដោយភាគីទាំងពីរបានឯកភាពគ្នាទទួលយកបទឈប់បាញ់បន្ទាន់នោះ និងបានចូលជាធរមាននៅកណ្តាលអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ 

ក្រោយមានបទឈប់បាញ់ចូលជាធរមាន កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តនូវបទឈប់បាញ់យ៉ាងម៉ឺងម៉ាត់ស្រប់តាមខ្លឹមសារនៃកិច្ចព្រមព្រៀង ស្វែងរកដំណោះស្រាយតាមយន្តការចរចាដោយសន្តិវិធី ដូចមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀម និង MoU ឆ្នាំ២០០០ ដើម្បីឆ្ពោះទៅរកសន្តិភាព និងប្រក្រតីភាពឡើងវិញ ប៉ុន្តែភាគីថៃមិនបានគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដោយស្មោះត្រង់នោះទេ តែងតែធ្វើសកម្មភាពបង្កហេតុ នាំឱ្យមានអរិភាព និងភាពតានតឹងនៅតាមព្រំដែនជាបន្តបន្ទាប់ ដូចជាការចល័តកងទ័ព ការរាយបន្លាលួសរំលោភចូលអធិបតេយ្យភាពកម្ពុជា នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងបានបើការបាញ់ប្រហារមលើទីតាំងយោធាកម្ពុជា ខណៈកងកម្លាំងរបស់កម្ពុជា ព្យាយាមអត់ធ្មត់មិនតបតវិញឡើយ ព្រមទាំងមានសកម្មភាពជាច្រើនទៀត ដែលថៃបានរំលោភបទឈប់បាញ់។

សូមបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)  ត្រូវបានបង្កើតឡើងដឹកនាំដោយ ប្រទេសម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ានប្តូរវេន គឺដើម្បីធ្វើការសង្កេត ផ្ទៀងផ្ទាត់   និងរាយការណ៍ ក្រោយបទឈប់បាញ់បានចូលជាធរមាន៕