
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវមោទនភាព និងសាទរចំពោះជើងហោះហើរត្រង់លើកដំបូងជាប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways លំដាប់ពិភពលោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់កម្ពុជា។
ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥ នេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways ដែលបានសម្រេចបើកជើងហោះហើរត្រង់ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា ចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ នេះសបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើមប្រតិបត្តិការហោះហើរភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា។
ក្នុងឱកាសពោរពេញដោយអត្ថន័យនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតភ្ជាប់ជើងហោះកម្រិតពិភពលោកនេះ ពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់នូវកំណើនភ្ញៀវទេសចរមកកាន់កម្ពុជា ជាពិសេសពិជាឆ្លើយតបទៅនឹងការជឿនលឿនយ៉ាងឆាប់រហ័សក្នុងវិស័យអាកាសចរណ៍របស់កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបានបន្តថា ក្នុងន័យនេះបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយម របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Etihad Airways (Cambodia) ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways បានតភ្ជាប់ជើងហោះហើរត្រង់ជាលើកដំបូងពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ ដោយទទួលបានអ្នកដំណើរ សរុបចំនួន ១៥៤ នាក់ និងអ្នកដំណើរដែលអញ្ជើញត្រឡប់ទៅវិញ ចំនួន ៩០ នាក់ ដែលចំណាយពេលជាង ៧ម៉ោងមិនឈប់ ហើយជើងហោះហើរនេះមាន ៤ ជើង ក្នុងមួយសប្តាហ៍៕



