2025-10-04 10:45
53

មណ្ឌលគិរី៖ ជនសង្ស័យម្នាក់ ខឹងស្រ្តីចំណាស់អាយុជាង ៧០ឆ្នាំ ទាលុយដែលខ្លួនជំពាក់ ១០ម៉ឺនរៀល មិនព្រមសង បានផឹកស្រារហូតស្រវឹងរៀបចំផែនការសម្លាប់។ លុះយប់ឡើងធ្វើសកម្មភាពលបឆ្កឹះគន្លឹះទ្វាចូលផ្ទះជនរងគ្រោះប៉ុនប៉ងសម្លាប់ចោល ប៉ុន្តែដោយសារជនរងគ្រោះដឹងខ្លួនស្រែកថា ពុទ្ធោ! ពុទ្ធោ! ដើម្បីឱ្យអ្នកជិតខាងឭ និងជួយគាត់ជនសង្ស័យភ័យខ្លាចបែកការណ៍ បានរត់គេចខ្លួនបាត់ស្រមោល។

ករណីប៉ុនប៉ងមនុស្សឃាតមិនបានសម្រេចខាងលើនេះ បានកើតមានឡើងកាលពីម៉ោង ០២និង២០នាទី ទាបភ្លឺថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២៥ កន្លងទៅ នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិពូរ៉ាដែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

តាមប្រភពបានឱ្យដឹងថា ស្ត្រីចំណាស់រងគ្រោះ មានឈ្មោះ សុខ ប៊ុនរឿន អាយុ ៧៥ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ-ឃុំកើតហេតុ បានរៀបរាប់ថា នៅយប់កើត ខណៈរូបគាត់កំពុងតែសម្រាកលង់លក់ក្នុងដំណេងស្រាប់តែមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបោចសក់ និងខ្ទប់មាត់ ប៉ុន្តែត្រូវគាត់ខំរើបំរាស់ហើយស្រែក

ខ្លាំងៗថា ពុទ្ធោ! ពុទ្ធោ! ដើម្បីឱ្យអ្នកជិតខាងជួយ ទើបជនសង្ស័យរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានដល់កំណត់បានមុខសញ្ញាជនសង្ស័យ មានឈ្មោះ ជ្រើស សីលា ភេទប្រុស អាយុ ៥៣ឆ្នាំ ទីលំនៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាំខ្លួនយកមកសាកសួរតាមនិតិវិធី និងបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មបោចសក់ ខ្ទប់មាត់ និងច្រមុះដូនចាស់ពិតប្រាកដមែន ដោយប៉ុនប៉ងសម្លាប់ ព្រោះខឹងគាត់ទាលុយពីខ្លួនដែលជំពាក់ ១០ម៉ឺនរៀល

តាមការស្រាវជ្រាវបានបញ្ជាក់ថា មុនពេលកើតហេតុ ជនសង្ស័យ និងមិត្តភក្តិបាននាំគ្នាផឹកស៊ីស្រាបៀរជាច្រើន រហូតដល់ស្រវឹង ហើយជនរងគ្រោះរអ៊ូទាលុយដែលជំពាក់ ១០ម៉ឺន ទើបយប់ឡើងរៀបចំគម្រោងការ ដើម្បីសម្លាប់ ប៉ុន្តែដោយសារជនរងគ្រោះស្រែកខ្លាំងពេក ជនសង្ស័យភ័យអ្នកភូមិមកទាន់ក៏រត់គេចខ្លួនតែម្តង។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមកការិយាល័យជំនាញ ដើម្បីកសាងសំរឿងចាត់ការតាមនីតិវិធី៕