2025-10-04 09:35
53

កំពង់ស្ពឺ៖ ពិតជាដៃត្រង់មែន! នាយនគរបាលប៉ុស្តិ៍រដ្ឋបាលពោធិ៍អង្គ្រង នៃអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ បានផ្ទុះអាវុធ AK47 ចំនួន ០១ គ្រាប់ ចំយុវជនម្នាក់ កំពុងជិះម៉ូតូបណ្តាលឱ្យស្លាប់ភ្លាមៗ ខណៈពេលជនរងគ្រោះ និងមិត្តភក្តិនាំគ្នាជិះម៉ូតូត្រឡប់មកពីទិញទឹកកក។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នៅលើផ្លូវបេតុង ក្នុងភូមិក្រញូង  ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ផា រ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃស្រូល ឃុំពោធិ៍អង្រ្គង ស្រុកបសេដ្ឋ គ្រាប់កាំភ្លើងចំ១គ្រាប់ត្រង់ដើមទ្រូងផ្នែកខាងឆ្វេង បណ្តាលឱ្យស្លាប់មួយរំពិច។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មន្ត្រីនគរបាលដែលផ្ទុះអាវុធចំប្រជាពលរដ្ឋម្នាក់ស្លាប់នោះ មានឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ មានតួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្គ្រង នៃអធិការនគរបាលស្រុកបរសេដ្ឋ ចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។ ក្រោយពេលកើតហេតុជនបង្កបានយកអាវុធ និងប្រគល់ខ្លួននៅអធិការស្រុកបសេដ្ឋ ដើម្បីអនុវត្តតាមនីតិវិធី។

ដំណើររឿង៖ មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពោធិ៍អង្រ្គង ចំនួន ០៥ នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក ទ្រី បូរិន ឋាន:ជានាយប៉ុស្តិ៍   ចេញល្បាតតាមភូមិសាស្ត្រសំខាន់ៗក្នុងដែនសមត្ថកិច្ចលោកគ្រប់គ្រង ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានប្រទះឃើញជិះម៉ូតូ ០១ គ្រឿង គួរឱ្យសង្ស័យទើបកម្លាំងស្ទាក់ហៅឲ្យឈប់ ដើម្បីពិនិត្យតែអ្នកបើកបរម៉ូតូមិនព្រមឈប់នោះទេ និងបានបត់ក្រោយជិះគេចខ្លួន ពេលនោះលោកមេប៉ុស្តិ៍លើអាវុធ AK47 ស្ទាក់ពីមុខតម្រង់កាណុងទៅលើ ដើម្បីគំរាមឱ្យពួកគេឈប់  ប៉ុន្តែនៅតែមិនព្រមឈប់ប៉ុនប៉ងបំបុកលោកមេប៉ុស្តិ៍ បណ្តាលឲ្យកាំភ្លើងរាលកៃផ្ទុះ១គ្រាប់ ត្រូវចំទ្រូងឆ្វេងអ្នកបើកបរម៉ូតូបណ្តាលឲ្យស្លាប់តែម្តង។

តាមប្រភពបានឱ្យដឹងថា លោកអនុសេនីយ៍ឯក ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង បានសារភាពថា នៅពេលហេតុការណ៍លោកបានឃើញម៉ូតូដែលមានការសង្ស័យជិះត្រឡប់ក្រោយគេចពីកម្លាំងខាងមុខ ទើបគាត់បានលើកអាវុធឡើងលើ ដើម្បីគំរាមឲ្យក្រុមក្មេងឈប់តែបណ្តាលឲ្យរាលកៃ ផ្ទុះ១គ្រាប់ ត្រូវជនរងគ្រោះតែម្តង។

បច្ចុប្បន្នករណីនេះ ជនបង្កត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបរសេដ្ឋ ដើម្បីធ្វើការសាកសួរកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕