2025-10-03 20:22
50

ឧត្តមសេនីយ៍ Winthai Suvaree អ្នកនាំពាក្យកងទ័ពជើងគោកថៃ បានឆ្លើយតបទៅនឹងការទាមរបស់កម្ពុជាយ៉ាងទទួច ដើម្បីមានការដោះលេងកងកម្លាំងកម្ពុជា ចំនួន ១៨ រូប ដោយបានបញ្ជាក់នៅទីបញ្ជាការដ្ឋានកងទ័ពភូមិន្ទថៃ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០២៥ នេះថា៖ «លោកមិនអើពើនឹងសំណើរបស់ភាគីកម្ពុជាក្នុងការទាមទារឱ្យកងទ័ពថៃដោះលែង ទាហានកម្ពុជាទាំង១៨នាក់ឡើយ កងទ័ពថៃ នៅតែបន្តឃុំខ្លួនទាហានកម្ពុជាទាំង១៨រូបដដែល»

ឧត្តមសេនីយ៍ Winthai បានសង្កត់ធ្ងន់ថា៖ «ប្រសិនបើកម្ពុជា មានការព្រួយបារម្ភ ភាគីកម្ពុជា អាចឱ្យអន្តរជាតិចុះសួរសុខទុក្ខទាហានរបស់ខ្លួនបានជាធម្មតា ប៉ុន្តែកងទ័ពថៃ នឹងមិនបញ្ជូនត្រឡប់មកវិញឡើយ»

ពាក់ព័ន្ធការបន្តឃុំខ្លួនកងកម្លាំងយោធាកម្ពុជា ពីសំណាក់ភាគីថៃនេះ ក្នុងលិខិតរបស់លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផ្ញើជូនចំពោះ លោក Volker Türk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស «OHCHR» នៅទីក្រុងហ្សឺណែវ កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលា ឆ្នាំ២០២៥នេះ បានលើកឡើងថា៖ ការព្រងើយកន្តើយដោយកង្វះខាតសកម្មភាពជាក់ស្តែងឲ្យទាន់ពេលវេលា អាចបកស្រាយស្មើនឹងការយល់ស្របចំពោះការរំលោភបំពានសិទ្ធិមនុស្សអន្តរជាតិ និងសិទ្ធិមនុស្សធម៌អន្តរជាតិ។ ភាពអសកម្មភាពនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងខូចកិត្តិយសរបស់កងទ័ពកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតគំរូអាក្រក់ចំពោះការរួចផុតពីទោសទណ្ឌ ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រសិទ្ធិភាពនៃប្រព័ន្ធការពារសិទ្ធិមនុស្សអន្តរជាតិ ចុះខ្សោយផងដែរ

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជា បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៣ ខែតុលានេះ គឺជាថ្ងៃទី៦៦ ដែលវីរកងទ័ពកម្ពុជា ចំនួន ១៨ រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ក្រសួងការពារជាតិ បានគូសបញ្ជាក់រថា រាជរដ្ឋាភិបាលកម្ពុជា  បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕