2025-10-03 20:01
44

ភ្នំពេញ៖ កម្មវិធីបរិស្ថានសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន។ 

យោងតាមលិខិតកម្មវិធី របស់អង្គការសហប្រជាជាតិ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងកោតសរសើរចំពោះប្រតិភូកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់និងពិភពលោក ក្នុងវេទិការដ្ឋមន្រ្តីបរិស្ថាន និងអាជ្ញាធរជាន់ខ្ពស់ ទទួលបន្ទុកបរិស្ថាននៃប្រទេសអាស៊ីប៉ាស៊ីហ្វិក លើកទី៦ នៅទីក្រុងណាឌី ប្រទែសហ្វីជី ចាប់ពីថ្ងៃទី២៦-២៩ ខែសីហា ឆ្នាំ២០២៥។ 

ជាមួយគ្នានេះ អង្គការសហប្រជាជាតិ និងបន្តធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសកម្ពុជាដើម្បីការអភិវឌ្ឍន៍ដោយចីរភាពសម្រាប់ប្រជាជាតិនៅក្នុងពិភពលោក និងបានអញ្ជើញកម្ពុជាចូលរួមមហាសន្និបាតស្តីពីបរិស្ថាន របស់អង្គការសហប្រជាជាតិលើកទី៧ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី៨-១២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

សូមបញ្ជាក់ថា ដោយមានការចាត់តាំង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដឹកនាំដោយ លោក វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រី និងអាជ្ញាធរជាន់ខ្ពស់ទទួលបន្ទុកបរិស្ថាន នៃប្រទេសអាស៊ីប៉ាស៊ីហ្វិក លើកទី៦ ដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំបណ្តារដ្ឋសមាជិកប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិក ចំនួន ៤១ ប្រទេស អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបចំនួនជាង ៣០០ នាក់។ គោលបំណងសំខាន់នៃវេទិកា គឺពិភាក្សាលើវឌ្ឍនភាពក្នុងតំបន់ នៃការអនុវត្តសេចក្តីសម្រេចនានា យុទ្ធសាស្រ្តរយៈពេលមធ្យមសម្រាប់ឆ្នាំ២០២៦-២០២៩ និងផែនការឆ្នាំ២០២៦-២០២៧ របស់កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP)  សេចក្តីព្រាងសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តី សម្រាប់ដាក់ជូនមហាសន្និបាតបរិស្ថាន អង្គការសហប្រជាជាតិលើកទី៧ (UNEA-7) ព្រមទាំងកិច្ចសហប្រតិបត្តិការបរិស្ថានពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការសឹករេចរឹលដី និងការបំពុល ។ 

ក្នុងឱកាសនោះ ប្រតិភូក្រសួងបរិស្ថានកម្ពុជា បានចូលរួមធ្វើបទអន្តរាគមន៍ ចែករំលែកមេរៀន និងបទពិសោធន៍របស់កម្ពុជាលើប្រធានបទ ទី១៖ ការសម្រេចគោលដៅគុណភាពខ្យល់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈកិច្ចសហប្រតិបត្តិការថ្នាក់តំបន់, ទី២៖ លទ្ធផលនៃការអនុវត្តពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្មគីណាកាលី ដែលឆ្លើយតបនឹងបញ្ហាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការសឹករេចរឹលដី និងការបំពុល និងទី៣៖ បានចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សាស្តីពីបរិស្ថានសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចពិភាក្សាស្តីពីការជំរុញដំណោះស្រាយបច្ចេកវិទ្យា និងហិរញ្ញវត្ថុដែលឆ្លើយតបនឹងយ៉េនឌ័រ សម្រាប់ពង្រឹងភាពធន់ នឹងអាកាសធាតុនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

ជាមួយគ្នានេះ ក្រៅពីបានចែករំលែកបទពិសោធន៍ជាមួយប្រទេសអាស៊ីប៉ាស៊ីហ្វិក និងពង្រឹងសមត្ថភាពចំណេះដឹង ការចូលរួមយ៉ាងសកម្មរបស់ប្រតិភូក្រសួង នៃប្រទេសកម្ពុជាក្នុងវេទិកាបរិស្ថានអាស៊ីប៉ាស៊ីហ្វិក ក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក៏យើងទទួលបានមូលនិធិបរិស្ថានសាកលសម្រាប់គម្រោងថ្នាក់តំបន់ និងទ្វេភាគី ដែលបាននិងកំពុងអនុវត្តនៅកម្ពុជា រួមមានគម្រោងសំខាន់ៗ ជាអាទិ៍៖ Combating Marine Plastic Pollution Phase II, GEF-8 Elimination of Hazardous Chemicals from Supply Chains Integrated Programme and Building climate resilience of urban systems through Ecosystem-based Adaptation (EbA) in the Asia-Pacific region ជាដើម៕