
ភ្នំពេញ៖ លោកស្រី កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងទេសចរណ៍ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ នេះ នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកស្រី បានចោទសួរទៅកាន់ភាគីថៃថា អ្នកចង់លុប MOU ឆ្នាំ២០០០ ថាលុបហើយធ្វើព្រំដែនជាមួយកម្ពុជាវិញអត់? បើធ្វើ តើធ្វើតាមការចរចាដោយសន្តិភាព តាមឯកសារបារាំង-សៀម ដែលប្រទេសទាំងពីរបានអនុវត្ត ២៥ឆ្នាំ មកហើយនោះ ឬតាមការរំលោភយកដោយអាវុធ?
លោកស្រី កុយ ពិសី បានបញ្ជាក់ថា «បើយកតាមការចរចាដោយសន្តិភាព វាគ្មានជម្រើសណាល្អ ក្រៅពីបន្តអនុវត្ត MOU នេះទេ ប៉ុន្តែបើរំលោភយកដោយកម្លាំងប្រដាប់អាវុធ មានតែទទួលយកនូវភាពអាម៉ាស់ ថោកទាប និងការបង្ហូរឈាម»។
ការចោរជាសំណួរ របស់លោកស្រី កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងទេសចរណ៍ ទៅកាន់សមភាគីថៃបែបនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មី លោក Anutin Charnvirakul ឡើងកាន់តំណែងពេញសិទ្ធិភ្លាម បានប្រកាសជាសារធារណៈថា៖ «បើស្រេចតែតាមលោក MOU ឆ្នាំ២០០០ ស្ដីពី ការវាស់វែងខណ្ឌសីមាព្រំដែនគោក និង MOU ឆ្នាំ២០០១ ស្ដីពី តំបន់សមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជា ត្រូវបានលុបចោលរួចហើយ»។
សូមរំឭកថា លោក Anutin នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ បាននិយាយថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងធ្វើប្រជាមតិជាតិ ដើម្បីសម្រេចថា តើត្រូវលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួនពីរ ជាមួយកម្ពុជា គឺ MOU លេខ ៤៣ ចុះហត្ថលេខានៅឆ្នាំ២០០០ ដើម្បីកំណត់ព្រំដែនគោក និង MOU ឆ្នាំ២០០១ លេខ ៤៤ សម្រាប់កិច្ចសហការដែនសមុទ្រត្រួតស៊ីគ្នា។ ចំពោះតំបន់ដែនសមុទ្រដែលត្រួតស៊ីគ្នាដែលត្រូវគេប៉ាន់ប្រមាណថា មានធនធានប្រេង និងឧស្ម័ន តម្លៃប្រមាណជាង ៣០០ ពាន់លានដុល្លារ។
.លោក Anutin បានថ្លែងថា ចំពោះលោកផ្ទាល់ លោកចង់ឱ្យលុបចោលកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកនឹងពិគ្រោះយោបល់ជាមួយពលរដ្ឋសិន៕






