
លោក Benjamin Mauerberger ជាជនជាតិអាហ្វ្រិកខាងត្បូង និងជាអ្នករៀបចំដោះស្រាយកិច្ចការសម្រាប់អ្នកមានឥទ្ធិពលនៅអាស៊ីអាគ្នេយ៍ បានចេញសេចក្តីថ្លែងការណ៍មួយនៅក្នុងប្រទេសថៃ ក្នុងការបដិសេធការចោទប្រកាន់មកលើគាត់ ជុំវិញការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ពាក់ព័ន្ធជាមួយបណ្តាញមជ្ឈមណ្ឌលឆបោកក្នុងប្រទេសកម្ពុជានិងប្រទេសថៃ។ នេះបើតាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ Thai Enquirer នៅថ្ងៃទី៣ តុលា ឆ្នាំ២០២៥។
លោក Mauerberger ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងសភា បន្ទាប់ពីត្រូវបានចោទប្រកាន់ថា គាត់ជាមេខ្លោងធំក្នុងប្រតិបត្តិការបោកប្រាស់ក្នុងប្រទេសកម្ពុជានិងប្រទេសថៃ។ ការចោទប្រកាន់នេះ ត្រូវបានលើកឡើងដោយអនុប្រធានគណបក្សប្រជាជនគឺ លោក Rangsiman Rome ប្រធានគណៈកម្មាធិការសភាសន្តិសុខជាតិ កិច្ចការព្រំដែន យុទ្ធសាស្ត្រជាតិ និងកំណែទម្រង់ជាតិ ដែលបានចាត់ទុក លោក Mauerberger ជាបេះដូងនៃបណ្តាញក្នុងតំបន់នៃឧក្រិដ្ឋកម្មឆ្លងដែន ការលាងលុយកខ្វក់ និងឥទ្ធិពលនយោបាយ។ លោក Rangsiman បាននិយាយថា លោក Mauerberger ត្រូវបានគេសង្ស័យថាជាតួអង្គសំខាន់នៅក្នុងបណ្តាញបោកប្រាស់នៅកម្ពុជា។
សារព័ត៌មាន Thai Enquirer បន្តថា ជនជាតិអាហ្វ្រិកខាងត្បូងរូបនេះ គឺជាបណ្តាញបោកប្រាស់នៅកម្ពុជា ដែលបញ្ជូនមូលនិធិខុសច្បាប់ចូលទៅក្នុងប្រទេសថៃ តាមរយៈធនាគារ អាជីវកម្មថាមពល និងក្រុមហ៊ុនផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ គាត់ក៏មានគម្រោងប្រើប្រាស់កន្លែងកម្សាន្តជាមួយកាស៊ីណូស្របច្បាប់ ដែលស្នើឡើងដោយអតីតរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ ដើម្បីលាងលុយរាប់រយពាន់លានបាតផងដែរ ប្រសិនបើសាងសង់កាស៊ីណូលេចជារូបរាងឡើង។
លើសពីនេះ យោងតាមសារព័ត៌មានខាងលើបន្ថែមថា លោក Rangsiman ប្រធានគណៈកម្មាធិការសភាសន្តិសុខជាតិ បានកត់សម្គាល់ថា លិខិតឆ្លងដែនរបស់ លោក Mauerberger បានចុះបញ្ជីគាត់ជាទីប្រឹក្សារបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានទំនាក់ទំនងជិតស្និទ្ធជាមួយឥស្សរជននយោបាយ និងធុរកិច្ចរបស់កម្ពុជាថែមទៀតផង។ លើសពីនេះ អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា មេដឹកនាំបក្សភឿថៃ ក៏មានការជាប់ពាក់ព័ន្ធដែរ ក្នុងការដែល លោក Mauerberger បានជួយ លោក ថាក់ស៊ីន ចរចាទិញយន្តហោះប្រណិតរបស់គាត់។
ជុំវិញការចោទប្រកាន់ខាងលើ លោក Mauerberger បានចេញមកច្រានចោលទាំងស្រុង ដោយលើកឡើងថា គាត់ត្រូវបានគេចោទប្រកាន់ និងបង្ខូចកេរ្តិ៍ឈ្មោះ។ គាត់បាននិយាយថា ក្នុងរយៈពេលពីរខែកន្លងមកនេះ គាត់ និងគ្រួសាររបស់គាត់ រួមទាំងដៃគូអាជីវកម្ម ត្រូវបានគេកំណត់គោលដៅក្នុងគោលបំណងចង់បំផ្លាញកេរ្តិ៍ឈ្មោះរបស់គាត់ តាមរយៈការចោទប្រកាន់មិនពិត។
ជាចុងក្រោយ លោក Mauerberger បានបញ្ជាក់សារជាថ្មីថា គាត់មិនមានការជាប់ពាក់ព័ន្ធនឹងការលាងលុយកខ្វក់ នៅក្នុងប្រតិបត្តិការនៃមជ្ឈមណ្ឌលឆបោក ឬការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជានោះទេ។ គាត់បន្ថែមថា ការចោទប្រកាន់ដែលប៉ុនប៉ងភ្ជាប់គាត់ជាមួយទំនាក់ទំនងអន្តរជាតិ ឧក្រិដ្ឋកម្មមជ្ឈមណ្ឌលហៅទូរសព្ទ ឬបញ្ហាសន្តិសុខជាតិ ជាពិសេសទាក់ទងនឹងប្រទេសថៃ និងកម្ពុជា គឺគ្មានមូលដ្ឋានទាំងស្រុងតែម្ដង។ លោកលើកជាភស្តុតាងថា បញ្ហានេះត្រូវបានសមត្ថកិច្ចពាក់ព័ន្ធស៊ើបអង្កេតយ៉ាងហ្មត់ចត់ ហើយសន្និដ្ឋានថាមិនបានរកឃើញមានបទល្មើសអ្វីឡើយ។
លោក Mauerberger ព្រមានជាចុងក្រោយថា អ្នកដែលចោទប្រកាន់គាត់ត្រូវតែត្រៀមខ្លួនទៅប្រឈមមុខនឹងតុលាការ ហើយគាត់បដិសេធរាល់ការសុំទោស ឬសំណើដកពាក្យបណ្តឹង។ លោក Mauerberger សង្កត់ធ្ងន់ថា អ្នកណាដែលផ្សាយព័ត៌មានមិនពិតពីលោកត្រូវតែប្រឈមនឹងផលវិបាក៕

