
ភ្នំពេញ៖ ប្រមុខការទូតចិន បានថ្លែងថា «ភាគីចិនគាំទ្រភាគីកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ នឹងតែងតែជាដៃគូដែលអាចទុកចិត្តបានក្នុងការអភិវឌ្ឍន៍សម្រាប់កម្ពុជា ចូលរួមជាកម្លាំងជាមួយមិត្តភក្តិកម្ពុជា ដើម្បីសម្រេចបាននូវការស្ដារភាពរស់រវើកសារជាថ្មីនៃប្រជាជាតិចិន និងខ្មែរដ៏មហិមា»។
នេះជាការលើកឡើងរបស់ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមិញនេះ នាឱកាសប្រារពពិធីអបអរខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន (១៩៤៩ - ២០២៥) នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
នាឱកាលប្រារពិធីដ៏មានអត្ថន័យខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចូលរួមផងដែរ។ ក្នុងនោះក៏មានការអញ្ជើញចូលរួមសំណាក់សមាជិករដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា បណ្តាអង្គទូតនានាប្រចាំកម្ពុជា និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ៕


