
ភ្នំពេញ៖ គណៈប្រតិភូសភារបស់សហរដ្ឋអាមេរិក ដឹកនាំដោយ លោក Adam Smith រយៈពេល២ថ្ងៃនៅកម្ពុជា ដើម្បីពិភាក្សាលើការពង្រឹងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ជាពិសេសប្តេជ្ញាធ្វើការរួមគ្នា ដើម្បីកសាងនូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យមានសុវត្ថិភាព និងវិបុលភាព។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើការពង្រឹងភាពជាដៃគូ រវាងសហរដ្ឋអាមេរិក និងកម្ពុជា និងជំរុញអាទិភាពរួមក្នុងការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច។
គណៈប្រតិភូសភាដឹកនាំដោយលោក Adam Smith បានគូសបញ្ជាក់ថា «សហរដ្ឋអាមេរិក ចង់ឃើញការគោរពនូវបទឈប់បាញ់លើជម្លោះព្រំដែន និងប្រែក្លាយឱ្យទៅជាសន្តិភាពរឹងមាំ និងយូរអង្វែង»។ សមាជិកសភាអាមេរិក លោក Smith ក៏បានជួបប្រជុំជាមួយ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ សីហា ដើម្បីពិភាក្សាអំពីសន្តិសុខលំហសមុទ្រ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន និងការធានាឲ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានសេរីភាព និងបើកចំហ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ថា៖ «សហរដ្ឋអាមេរិកប្តេជ្ញាធ្វើការជាមួយកម្ពុជា ដើម្បីកសាងនូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យមានសុវត្ថិភាព និងវិបុលភាព»៕



