
ញូវយ៉ក៖ ក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រាប់អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា។
ប្រមុខការទូតកម្ពុជា បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
នាជំនួបនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញ និងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ៕