
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួប លោកស្រី Jyotsana Varma បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោកស្រី និងសហការីចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីបញ្ចាប់បេសកកម្មការងារនៅកម្ពុជា។ លោកស្រីនាយិកាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB និងកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កម្ពុជា។
លោកស្រីនាយិកា ADB ក៏បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយដែលបានពង្រឹងភាពជាដៃគូរវាងធនាគារ ADB និងកម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ បន្ថែមពីនេះ លោកស្រីនាយិកាបានគោរពជម្រាបជូនសម្តេចធិបតីអំពីសមិទ្ធផលនានា និងគម្រោងមួយចំនួនដែលកំពុងបន្តអនុវត្ត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងធនាគារ ADB និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ លើវិស័យអាទិភាពនានា រួមមានជាអាទិ៍៖ វិស័យអប់រំ, ធនធានទឹក, កសិកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ជាដើម។
ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកស្រីនាយិកា និងបានកោតសរសើរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារ ADB និងកម្ពុជា។ សម្តេចធិបតីបានអបអរសាទរចំពោះលោកស្រីនិយាកា ដែលបានបញ្ចប់បេសកកម្មការងារនៅកម្ពុជាប្រកបដោយជោគជ័យ និងបានថ្លែងអំណរគុណដល់ធនាគារ ADB ដែលតែងតែគាំទ្រដល់កម្ពុជា ទាំងក្នុងការរៀបចំផែនការ, ក្របខណ្ឌយុទ្ធសាស្ត្រ, និងគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេស ការជួយគាំទ្រកម្ពុជាក្នុងការរៀបចំចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC Graduation) នៅឆ្នាំ២០២៩ ខាងមុខ ។
មុននឹងបញ្ចប់, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការបន្តគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកទឹកចិត្តដល់ធនាគារ ADB បន្តសហការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍថ្មីៗ បន្ថែមទៀត ៕