
ភ្នំពេញ៖ យោងតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ចំពោះយោធិនទាំង១៨រូប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាលកម្ពុជា មិនដែលបំភ្លេចពួកគាត់ឡើយ។ រាជរដ្ឋាភិបាលបន្តប្រើគ្រប់យន្តតាទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ នាពេលខាងមុខ»។
ក្រសួងការពារជាតិ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញានេះ ជាថ្ងៃទី៥៩ហើយ ដែលវីរកងទ័ពកម្ពុជា ចំនួន ១៨ រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ កម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះលែងពួកគាត់ត្រឡប់មកវិញ ឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

