2025-09-26 20:28
62

ភ្នំពេញ៖ យោងតាមលទ្ធផលនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក នារសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ប្រតិភូសភាអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយ លោក Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយ លោក Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកស្រី Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោក Adam Smith បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែល បានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោក និងគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។ គណៈប្រតិភូសភាអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបាន គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះ មានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនង ទ្វេភាគីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ គណៈប្រតិភូសភាអាមេរិក ក៏បានកោតសរសើរចំពោះជោគជ័យក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី នាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាអាមេរិក ដែល បានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចបវរធិបតី បានសម្តែងនូវការពេញចិត្តចំពោះភាព រីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរលើវិស័យជាច្រើន ក៏ដូចជាការភ្ជាប់ ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះដែរ សម្តេចបវរធិបតី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សានិងផ្លាស់ប្តូរ យោបល់គ្នា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ សេដ្ឋកិច្ច វិនិយោគ ការពារជាតិ សន្តិសុខ និងអប់រំ ជាដើម។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ សម្តេចបវរធិបតី បានថ្លែងអំណរគុណចំពោះ លោកប្រធានាធិបតី Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់ រវាងកម្ពុជា និងថៃ បានឆាប់រហ័សដែលបានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើន និងបានជម្រាបជូនគណៈប្រតិភូសភាអាមេរិក អំពីបច្ចុប្បន្នភាពស្តីពី​ ការវិវឌ្ឍនៃស្ថានភាពព្រំដែន កម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕