
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារកម្ពុជា បានអះអាងថា មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួន បានចុះផ្សាយថា “កម្ពុជា បានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន”។ ភាគីកម្ពុជា សូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា “ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ រូបភាពដែលភ្ជាប់ជាមួយនោះ គឺជារូបភាពចាស់ៗ”។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា ជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៦ ខែកញ្ញានេះ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា “កម្ពុជា បានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន”។
ក្រសួងការពារជាតិសូមធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖ «ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ។ ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ទៀតថា «កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ»។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស៕