2025-09-26 11:14
59

ញូវយ៉ក៖ រាជរដ្ឋាភិបាលជប៉ុន តាមរយៈរដ្ឋមន្ត្រីក្រសួងការបរទេស បានសន្យាថា នឹងខិតខំប្រឹងប្រែងក្នុងការសម្របសម្រួល ដើម្បីកាត់បន្ថយភាពតានតឹងរវាង កម្ពុជា-ថៃ ក្នុងជម្លោះព្រំដែន។ ការសន្យានេះ ធ្វើឡើងក្នុងជំជួបរវាងប្រមុខការទូតកម្ពុជា និងជប៉ុន នៅទីក្រុងញូវយ៉ក នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក មានរយៈពេលប្រហែល ៣០នាទី។

តាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។

នាឱកានោះ រដ្ឋមន្ត្រីការបរទេសទាំងពីរមានសេចក្ដីរីករាយដែលបានជួបគ្នាសារជាថ្មី និងបានឆ្លៀតឱកាសផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅពីគ្នាទៅវិញទៅមក បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាកន្លងទៅចំនួនពីរ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន  កាលពីខែឧសភា ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ជាកិច្ចចាប់ផ្តើមនៃជំនួប លោក IWAYA Takeshi បានថ្លែងក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះពីការប៉ះទង្គិចយោធារវាងកម្ពុជា និងថៃ។ គាត់បានបញ្ជាក់ពីក្តីសង្ឃឹមថា ភាគីទាំងពីរ នឹងបន្តគោរពកិច្ចព្រមព្រៀងឈប់បាញ់ និងដោះស្រាយវិវាទសន្តិវិធី។ ជាបន្ថែម ប្រទេសជប៉ុន ក៏សន្យាថា នឹងបន្តដើរតួក្នុងការជួយបន្ថយភាពតានតឹងនេះ។

ក្នុងកិច្ចពិភាក្សា ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីកិច្ចសហការផ្នែកសេដ្ឋកិច្ច និងបានប្តេជ្ញាចិត្តបន្តជំរុញការវិនិយោគឯកជន និងការអភិវឌ្ឍឧស្សាហកម្ម។ គម្រោងសំខាន់ៗរួមមាន កញ្ចប់សហការសេដ្ឋកិច្ច (Economic Co-Creation Package) ការអភិវឌ្ឍកំពង់ផែក្រុងសីហនុ ការអភិវឌ្ឍផ្នែកឌីជីថល ក្រោមគម្រោង Co-Creation for Common Agenda Initiative និងការអភិវឌ្ឍបណ្តាញទំនាក់ទំនងស្នូល រួមទាំងបច្ចេកវិទ្យា 5G ផងដែរ។

ក្រៅពីនេះ រដ្ឋមន្ត្រីទាំងពីរ ក៏បានឯកភាពបន្តសហការលើបញ្ហាតំបន់ដ៏សំខាន់ៗ ដូចជា ស្ថានការណ៍នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ព្រមទាំងបញ្ហាកូរ៉េខាងជើង ដែលទាក់ទងនឹងអាវុធនុយក្លេអ៊ែរ មីស៊ីល និងបញ្ហាចាប់ពង្រត់ប្រជាជន។

កិច្ចជួបនេះ ត្រូវបានពិចារណាថា ជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្ររវាងកម្ពុជា និងជប៉ុន ទាំងក្នុងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច៕