2025-09-25 20:23
103

ភ្នំពេញ៖ អតីតមេដឹកនាំ «ចលនាតស៊ូសេរីការជាតិកម្ពុជា» នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ នាយឧត្តមសេនីយ៍ ញ៉ឹក ប៊ុនឆៃ បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា លោកបានស្គាល់ទីតាំងបង្គោលឡាក់ព្រំដែនខ្មែរ-ថៃ ច្បាស់លាស់ចាប់ពីបង្គោលឡាក់លេខ៤១ នៅភូមិចំការគរ រហូតដល់បង្គោលឡាក់លេខ៤៩ នៅក្បែរស្ពានប៉ោយប៉ែត និងបង្គោលឡាក់មួយចំនួនទៀត។

អតីតមេដឹកនាំចលនាតស៊ូនៅព្រំដែនកម្ពុជា-ថៃ លោក ញ៉ឹក ប៊ុនឆៃ បានធ្វើកំណត់ហេតុសង្ខេបដូចតទៅ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៩ លោកបាននាំបងប្អូនខ្មែរយើងដែលរស់នៅក្នុងជំរុំជនភៀសខ្លួនខ្មែរថៃសាមាត្រ នៅស្រុកអារញ្ញប្រថេត ចំនួន ១២នាក់ មកបោះទីតាំងនៅខាងមុខភូមិណងម៉ាកម៉ុនរបស់ថៃ ក្បែរបង្គោល ឡាក់លេខ៤៣ បង្កើតមូលដ្ឋានយោធាសេរីការជាតិ ដោយបានអញ្ជើញ លោក គង់ ស៊ីលាស់ អតីតនាយទាហានជើងទឹកសម័យសាធារណរដ្ឋខ្មែរ មកពីប្រទេសបារាំងមកដឹកនាំចលនាសេរីការជាតិនេះ។ 

នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៧៩ លោក និងលោក គង់ ស៊ីលាស់ បាននាំកម្លាំងយោធា ចំនួន ៣០០ នាក់ មក បង្កើតមូលដ្ឋានសេរីការជាតិមួយកន្លែងទៀត ស្ថិតនៅខាងមុខ ភូមិណងសាមិតរបស់ថៃ ស្ថិតនៅខាងលិច ប្រាសាទស្តុកកក់ ក្បែរបង្គោលឡាក់លេខ៤២ ដែលមូលដ្ឋាននេះគេហៅថា ជំរុំថ្មី ឬជំរុំ ០០៧ ឬជំរុំឫទ្ធីសែន

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៧៩ លោក និងលោក គង់ ស៊ីលាស់ បាននាំកម្លាំងយោធា ចំនួន ៤៥០ នាក់ មកបង្កើតមូលដ្ឋានសេរីការជាតិមួយកន្លែងទៀត នៅខាងមុខភូមិគោកស៊ូងរបស់ថៃ ស្ថិតនៅចន្លោះបង្គោលឡាក់ លេខ៤២ និងបង្គោលឡាក់លេខ៤៣ ដែលគេហៅថា ជំរុំគោកស៊ូង។ ពេលនោះយោធាថៃ បានបាញ់ផ្លោងកាំភ្លើងធំជាច្រើនគ្រាប់ដាក់មូលដ្ឋានគោកស៊ូងនេះ ធ្វើឱ្យប្រជាជនដែលមករង់ចាំបើកអង្ករ សម្ភារៈពីអង្គការអន្តរជាតិ (UN) ស្លាប់ប្រមាណ ៦០នាក់ និងរងរបួសរាប់រយនាក់។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៧៩ លោក និងលោក គង់ ស៊ីលាស់ បាននាំកម្លាំងយោធា ចំនួន ៥០០ នាក់ មកបង្កើតមូលដ្ឋានសេរីការជាតិមួយកន្លែងទៀត ដែលស្ថិតនៅខាងមុខភូមិណងចាន់ របស់ថៃ ដោយរូបលោកបានដាក់ពង្រាយកម្លាំងយោធាតាមបណ្តោយមាត់អូរខាងកើត អូរឫស្សីស្រុកនេះ ហើយនាំលោក គង់ ស៊ីលាស់ បោះ ទីតាំងនៅទួលព្រៃព្រះភ្លៅ ដែលមានចម្ងាយប្រមាណ ជាង ២ គីឡូម៉ែត្រពីអូរឫស្សីស្រុក ជ្រៅទៅក្នុងដីខ្មែរ។

លោក ញ៉ឹក ប៊ុនឆៃ បានលើកឡើងក្នុងកំណត់ហេតុទៀតថា យោធាថៃ បានជីកទំនប់ និងប្រឡាយតាមបណ្តោយព្រំដែនខ្មែរ-ថៃនេះ ពីបង្គោលឡាក់លេខ៤១ រហូតដល់បង្គោលឡាក់លេខ៤៩។ តាមការសង្កេតរបស់លោកផ្ទាល់ឃើញថា បញ្ហាព្រំដែន ខ្មែរ-ថៃ នៅតំបន់ទាំងនេះ មានភាពមិនប្រក្រតីមួយចំនួន ដែលថៃបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា។ លោក ញ៉ឹក ប៊ុនឆៃ សង្ឃឹមថា បញ្ហានេះ គណៈកម្មាធិការព្រំដែន កម្ពុជា-ថៃ គ្រប់លំដាប់ថ្នាក់ RBC, GBC, JBC អាចនឹងដោះស្រាយផ្តល់យុត្តិធម៌ ដល់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាយើងនៅថ្ងៃអនាគត។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ១៩៨៣ លោកបាននាំកងទ័ព ចំនួន ៨០០ នាក់ ទៅបោះទីតាំងនៅមូលដ្ឋានតាទុំ ក្បែរបង្គោលឡាក់លេខ៧ បង្គោលឡាក់លេខ៨ និងបង្គោលឡាក់លេខ៩ ហើយស្គាល់បង្គោលឡាក់ទាំងនេះច្បាស់លាស់ណាស់។ លោកក៏បានស្គាល់បង្គោលឡាក់លេខ១២ បង្គោលឡាក់លេខ១៣ និងបង្គោលឡាក់លេខ១៤ នៅមូលដ្ឋានអូរស្មាច់ច្បាស់លាស់ហើយ និងបង្គោលឡាក់លេខ២១ ដែលស្ថិតនៅក្បែរប្រាសាទតាក្របី បង្គោលឡាក់លេខ២២ ស្ថិតនៅក្បែរតំណាក់សម្តេចព្រះនរោត្តមសីហនុ ភូមិសន្តិភាព ថ្មដូនផងដែរ។

សេចក្តីដូចបានរៀបរាប់ពាក់ព័ន្ធនឹងបង្គោលឡាក់ដូចខាងលើនេះ លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា លោកអាចជួយផ្តល់យោបល់ជូនគណៈកម្មាធិការព្រំដែន ខ្មែរ-ថៃ RBC, GBC, JBC បាន ដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើងបានគ្រប់ពេលវេលាចាំបាច់។

តាមការសង្កេតរបស់ លោក ញ៉ឹក ប៊ុនឆៃ តាំងពីដើមមកយោធាថៃ បានរំលោភបំពានលើបូរណភាពទឹកដីកម្ពុជា ដោយប្រើប្រាស់ផែនទី ខ្នាត ១/៥០.០០០ ដែលគូសដោយឯកតោភាគីមករំលោភយកទឹកដីកម្ពុជាជាច្រើនកន្លែង តាមបណ្តោយព្រំដែន ខ្មែរ-ថៃ ជាបន្តបន្ទាប់មករហូតពេលសព្វថ្ងៃនេះ។

ដើម្បីការពារបូរណភាពទឹកដី និងការពារទ្រព្យសម្បត្តិរបស់ប្រជាជនយើងពីការរំលោភបំពាន ដោយខុសច្បាប់របស់កងយោធាថៃ លោក ញ៉ឹក ប៊ុនឆៃ បានអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរយើងទាំងក្នុងប្រទេស និងក្រៅប្រទេស ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយជួយគាំទ្រដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីតស៊ូប្រឆាំងនឹងការឈ្លានពានរបស់យោធាថៃ ក្នុងការរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាយើង។

អតីតមេដឹកនាំចលនាតស៊ូសេរីការជាតិកម្ពុជា បានធ្វើការអំពាវនាវដោយទទួចចំពោះមិត្តភក្តទាំងឡាយណាដែលធ្លាប់រួមរស់ និងប្រឡូកជាមួយលោកក្នុងចលនាសេរីកាជាតិ ទោះបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសក្ដី ឬបានទៅតាំងទីលំនៅនៅបរទេសក្តី ដែលធ្លាប់បានដឹងឮ និងស្គាល់ច្បាស់ទីតាំងដែលធ្លាប់បានឈរជើងពីអតីតកាលនៅក្នុងតំបន់ទាំងនោះ ចូលរួមសហការផ្តល់ព័ត៌មាន និងឯកសារពាក់ព័ន្ធបើសឹននៅមាន ឬមានរូបថតផ្ទាល់ខ្លួនធ្លាប់បានថតជាប់នឹងបង្គោលឡាក់ដូចបានរៀបរាប់ខាងលើ ដើម្បីរួមចំណែកជាកសិណសាក្សីរឹងមាំបន្ថែម និងសូមបងប្អូនជនរួមជាតិយើងទាំងនៅក្នុងប្រទេស និងក្រៅប្រទេសជួយឧបត្ថម្ភគាំទ្រដល់បងប្អូនវរីកងទ័ពយើងដែលឈរជើងនៅតាមមូលដ្ឋាននានា នៅបណ្តោយព្រំដែន ខ្មែរ-ថៃ តាមគ្រប់រូបភាព ដែលអាចធ្វើបាន ដើម្បីយកជ័យជម្នះលើពួកចោរឈ្លានពានទឹកដីរបស់យើង៕