
ភ្នំពេញ៖ កងទ័ពថៃបានផ្ទុះអាវុធ ចំនួន ០៤ លើក ក្នុងទឹកដីរបស់ខ្លួន ចាប់ពីម៉ោង ០២និង៥៧នាទីទៀបភ្លឺ រហូតដល់ម៉ោង ០៧និង០០នាទីព្រឹក នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ប៉ុន្តែបែរជាកងទ័ពជើងគោកថៃ និងសារព័ត៌មានរបស់ថៃមួយចំនួននាំផ្សាយចោទប្រកាន់មកលើកម្ពុជា ថា “កម្ពុជាបង្កហេតុពេញមួយយប់នៅតំបន់យោធភូមិភាគទី២” ដោយឮសម្លេងកាំភ្លើង, សម្លេងផ្ទុះគ្រាប់បែក, រកឃើញការចូលជិតលួសបន្លាហើយការបាញ់ ដើម្បីពិនិត្យមើលរយៈចម្ងាយ។ នេះបើតាមការបញ្ជាក់របស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។
ជុំវិញការចោទប្រកាន់យ៉ាងដូច្នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបដិសេធការចុះផ្សាយនេះ និងបានបញ្ជាក់ថា៖ «កងកម្លាំងរបស់កម្ពុជាមិនបានបង្កហេតុ ឬធ្វើសកម្មភាពណាមួយ ដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់ភាគីថៃឡើយ»។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះ បើយោងតាមកំណត់ហេតុពីកងកម្លាំងរបស់កម្ពុជាដែលឈរជើងនៅជួរមុខ បានឱ្យដឹងថា កងទ័ពថៃ បានផ្ទុះអាវុធចំនួន ០៤ លើក ស្ថិតក្នុងទឹកដីរបស់ខ្លួន ចាប់ពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ រួមមាន៖ លើកទី១ នៅវេលាម៉ោង ០២និង៥៧នាទីព្រឹក, លើកទី២ នៅវេលាម៉ោង ០៥និង០០នាទីព្រឹក, លើកទី៣ នៅវេលាម៉ោង ០៦និង០០នាទីព្រឹក និងលើកទី៤ នៅវេលាម៉ោង ០៧និង០០នាទីព្រឹក។ រាល់ការផ្ទុះអាវុធទាំង៤លើករបស់ភាគីថៃ គឺបាញ់ម្តង ០១គ្រាប់។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះការគោរព និងអនុវត្តនូវកិច្ចព្រមព្រៀងនៃបទឈប់បាញ់រវាងយោធាកម្ពុជា និងយោធាថៃ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត ជាមួយនឹងស្មារតីនៃការប្តេជ្ញាចិត្តក្នុងការសហការគ្នានៅគ្រប់កម្រិត កម្ពុជាតែងតែរក្សានូវកិច្ចសហការល្អជាមួយគ្នា។ ក្នុងនោះផងដែរ ក្រុមទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅជួរមុខ គឺបានធ្វើការជាមួយគ្នាជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មាន ឬការបញ្ជាក់គ្នាទៅវិញទៅមក ដើម្បចៀសវាងការភាន់ច្រឡំ ឬការបង្កភាពតានតឹងណាមួយដែលមិនចាំបាច់៕

