
ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មាន បំភ្លៃ បំផ្លើស ការពិត ក្នុងផេកផ្លូវការ របស់បុគ្គល គឹម សុខ សកម្មបក្សប្រឆាំងនៅក្រៅស្រុក ដែលបានចោទប្រកាន់ថា “រាជរដ្ឋាភិបាលកម្ពុជាទុកចោលសពយុទ្ធជនសមរភូមិមុខពេញព្រៃ មិនយកមកធ្វើបុណ្យ ហើយអាជ្ញាធរសម្លុតគ្រួសារយុទ្ធជន មិនឱ្យនិយាយសួររកយុទ្ធជនជាសមាជិកគ្រួសារទៀតផង”។
រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំគ្រប់គ្រងធ្វើបុណ្យសពតាមប្រពៃណី និងផ្តល់គោលរបបប្រកបដោយកិត្តិយសខ្ពស់បំផុត ចំពោះយោធិនពលីទាំងអស់ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ។
កងយោធពលខេមរភូមិន្ទ សូមបដិសេធទាំងស្រុង និងថ្កោលទោសដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំផ្លើស ការពិតរបស់បុគ្គលនេះ ដែលជាទង្វើក្បត់ជាតិ និងមានគោលបំណងបំបាក់ស្មារតីប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះកងយោធពលខេមរភូមិន្ទ ក៏ដូចជាប្រទេសជាតិ និងប្រជាជនខ្មែរ ដែលកំពុងរងគ្រោះ ពីការរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជា៕
