
នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំទី២០២៥ នៅទីស្នាក់កណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសនិ្នសិទអាកាសធាតុ និងបានថ្លៃងបញ្ជាក់ អំពីគោលជំហររាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជក់ថា «កម្ពុជាបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែជាប្រទេសមួយទទួលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ»។ ផែនការជាតិរួមចំណែកជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC3.0) ដែលបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុគឺជាជំហ៊ានសំខាន់មួយឆ្ពោះទៅកៀគរធនធានហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងវិនិយោគដែលបញ្ចេញកាបូនតិច មានភាពធន និងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមទៀតថា កម្ពុជាត្រូវការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយគ្នានេះ កម្ពុជាក៍បានប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ផ្អែកលើគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC)។ ផែនការ NDC 3.0 ត្រូវបានរៀបចំឡើង ដោយផ្អែកលើការប្តេជ្ញាចិត្ត និងផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យកាន់តែប្រសើរជាងមុន និងលើកកម្ពស់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុស្របតាមអាទិភាពជាតិ និងគោលដៅកំណត់កំណើនសីតុណ្ហភាពសកលឱ្យនៅក្រោមកម្រិត ១.៥ អង្សារសែសស៊ុស ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រីបានបន្ថែមថា ផែនការជាតិនេះ មានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ដែលស្មើនឹងប្រមាណ ៧៣.៧ MtCO2e (លានតោននៃសមមូលឧស្ម័នកាបូនិក) នៅត្រឹមឆ្នាំ២០៣៥ ក្រោមសេណារីយ៉ូមានលក្ខខណ្ឌ ដោយផ្តោតលើវិស័យថាមពល (រួមទាំងការដឹកជញ្ជូន និងការផលិត និងសំណង់) ដំណើរការឧស្សាហកម្ម និងការប្រើប្រាស់ផលិតផល (IPPU) កសិកម្ម ព្រៃឈើ និងការប្រើប្រាស់ដីផ្សេងទៀត (FOLU) និងវិស័យសំណល់៕

