
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិច) បានអញ្ជើញពិធីថតរូបរួមគ្នានៃបណ្តាប្រទេសដែលផ្តល់សច្ចាប័នលើ BBNJ កិច្ចព្រមព្រៀងស្តីពី ការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ នាទីតាំង North Delegate Loung, UN Building និងបានអញ្ជើញចូលរួម និងទទួលពានរង្វាន់ «The High Seas Treaty Champion» ក្នុងកម្មវិធី High Level Side Event: From Nice too New York: Activate the High Sea Treaty។
ការទទួលបានពានរង្វាន់នេះ បានផ្តល់កិត្តិយសដល់ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគំរូមួយក្នុងចំណោមប្រទេសស្ថាបនិកទី៥៦ ក្នុងចំណោមប្រទេស ចំនួន ៦០ ដំបូងគេ ដែលបានចូលក្នុងកិច្ចព្រមព្រៀង ស្តីពី ការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ»។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានអញ្ជើញគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ទទួលពានរង្វាន់ The High Sea Treaty Champion ទន្ទឹមគ្នា ជាមួយឥស្សរជនសំខាន់ៗ មេដឹកនាំនយោបាយកម្រិតខ្ពស់ ក្រុមអង្គការអន្តរជាតិធំៗ និងសកម្មជនយុវជនផ្សេងទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងការចរចា ដើម្បីបង្កើតបានសន្ធិសញ្ញា ការចូលរួមដោះស្រាយបញ្ហាបរិស្ថាន ការចូលរួមប្តេជ្ញាចិត្តខ្ពស់ ដើម្បីធ្វើការអភិរក្សមហាសមុទ្រ រហូតដល់បានអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង (BBNJ) និងការអនុវត្តសន្ធិសញ្ញានេះប្រកបដោយប្រសិទ្ធភាព។
កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងកំឡុងសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងនីសនៃសាធារណរដ្ឋបារាំង។ កម្ពុជាបានអនុវត្តនីតិវិធីបន្តបន្ទាប់ រហូតបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង BBNJ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ មុនសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ នាទីក្រុងញូវយ៉កនៃសហរដ្ឋអាម៉េរិកក្នុងពេលនេះ។ សន្ធិសញ្ញាស្តីពី The High Sea Level Treaty បានបង្កើតឡើងបាន បន្ទាប់ពីប្រទេសដំបូងគេចំនួន ៦០ ប្រទេស បានផ្តល់សច្ចាប័នលើ «កិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះ សមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (Biodiversity Beyond National Jurisdiction :BBNJ)» អំឡុងពេលនៃព្រឹត្តិការណ៍ពិសេស ស្តីពីសកម្មភាពអាកាសធាតុ ក្នុងឱកាសសប្តាហ៍ជាន់ខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមាន នៅខែមករា ឆ្នាំ២០២៦ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងអន្តរជាតិកាន់តែខ្លាំងឡើង ការពារមហាសមុទ្រ កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងការពារជីវិត និងជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងពិភពលោក៕

