2025-09-23 19:16
278

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថាថា នៅរសៀលថ្ងៃអង្គារនេះ មានផេកផ្លូវការរបស់កងទ័ពថៃ និងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថា កងកម្លាំងកម្ពុជាបាញ់អាវុធធុនតូច ចំនួន ០៣ទៅ០៥គ្រាប់ ចូលទឹកដីថៃ ក្នុងគោលបំណងញុះញង់ នៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ 

ក្រសួងការពារជាតិ បានគូសបញ្ជាក់នូវការពិតថា «កងកម្លាំងរបស់កម្ពុជា មិនបានប្រើប្រាស់អាវុធបាញ់ចូលក្នុងទឹកដីថៃដូចការលើកឡើងខាងលើនោះទេ»។ ដោយយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ រប​ស់​យើងបានបញ្ជាក់ថា «អង្គភាពដែលបានឈរជើងនៅតំបន់នោះ បានរៀលកៃ ដោយអចេតនា ចំនួន ០២ គ្រាប់ នៅវេលាម៉ោង ១៣និង២០នាទីរសៀល ហើយនៅវេលាម៉ោង ១៤និង១៦ នាទីរសៀល ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ»

ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយភាគីថៃ នៅគ្រប់កម្រិត ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រទេសទាំងពីរ។

កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញ ចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ រវាងយោធាកម្ពុជា និងយោធាថៃ ដែលសម្រេចបាននៅទីក្រុងពូត្រាចាយ៉ា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានយ៉ាងម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួនបំផុត៕