
ថៃ៖ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែកញ្ញា អាជ្ញាធរខេត្តស្រះកែវ បានដំឡើងផ្លាកសញ្ញាព្រមានជាបីភាសា ថៃ កម្ពុជា និងអង់គ្លេស នៅជិតក្រុងបានណងចាន់ ស្រុកខុកស៊ុង តាមបញ្ជាពីអភិបាលខេត្ត ប៉ារិនយ៉ា ផូធីសាត។
ថៃសម្រេចដំឡើងផ្លាកសញ្ញាបែបនេះ ដោយចោទពលរដ្ឋកម្ពុជាថា បានទន្ទ្រានដីថៃ និងបានព្រមានពលរដ្ឋខ្មែរឲ្យរុះរើចេញពីតំបន់នោះ។
យោងតាមការចេញផ្សាយដោយកាសែតថៃ The Nation សេចក្ដីបង្ហាញក្នុងផ្លាកសញ្ញានោះមានខ្លឹមសារថា "សេចក្តីជូនដំណឹងដល់ពលរដ្ឋខ្មែរដែលចូលកាន់កាប់ដីដោយខុសច្បាប់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រថៃ៖ នេះជាការបំពានច្បាប់របស់ប្រទេសថៃ។ សូមយោងលើផែនទីភ្ជាប់សម្រាប់តំបន់ដែលរងផលប៉ះពាល់។ ការមិនអនុវត្តតាមនឹងមានវិធានការតាមផ្លូវច្បាប់ និងផ្តន្ទាទោសតាមច្បាប់ថៃ។"
បើមិនប្រព្រឹត្តតាមទេ នោះនឹងចាត់វិធានការតាមផ្លូវច្បាប់ដូចខាងក្រោម៖
1. ច្បាប់អន្តោប្រវេសន៍ B.E. 2522 (1979) ផ្នែកទី 11, 62, និង 81 ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ 2 ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ 20,000 បាត។
2. ច្បាប់ព្រៃឈើ B.E. 2484 (1941) ផ្នែកទី 54 និង 72 ដែលកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ 5 ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ 50,000 បាត ឬទាំងពីរ។ ប្រសិនបើផ្ទៃដីលើសពី 25 រ៉ៃ (ប្រហែល 10 ហិចតា) ការពិន័យកើនឡើងដល់ការជាប់ពន្ធនាគារពី 2 ទៅ 15 ឆ្នាំ និងពិន័យជាប្រាក់ពី 10,000 ទៅ 100,000 បាត។
3. អាជ្ញាធរបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពទាំងនេះត្រូវអនុវត្តជាបន្ទាន់។
គួររំឭកផងដែរថា តំបន់ព្រំដែនដែលអភិបាលខេត្តស្រះកែវលើកផ្លាកក្នុងការព្រមាននិងបណ្ដេញពលរដ្ឋខ្មែរនោះ គឺជាដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលកន្លងមកកងកម្លាំងថៃព្យាយាមរាយបន្លាលួស រួមទាំងសម្ភារៈផ្សេងៗ បណ្ដាលឲ្យពលរដ្ឋខ្មែរជាច្រើនគ្រួសារត្រូវបាត់បង់ផ្ទះសម្បែង៕
