2025-06-16 14:02
11

ថ្លែងនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសពីវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដោយសម្ដេចបានមានប្រសាសន៍ថា ករណីថៃមិនបើកច្រកព្រំដែនឲ្យដូចដើមវិញក្នុងរយៈពេល ២៤ម៉ោង កម្ពុជានឹងមិនបិទច្រកព្រំដែនទាំងស្រុងនោះទេ ពោលគឺបិទតែការនាំចូលផ្លែឈើ និងបន្លែពីថៃមកកម្ពុជាទូទាំងព្រំដែនប៉ុណ្ណោះ។

សម្ដេចបានបន្តថា “ពលរដ្ឋថៃ កុំបន្ទោសកម្ពុជាចំពោះការបិទច្រកដូង បិទការនាំចូលបន្លែផ្លែឈើមកកម្ពុជា គួរតែបន្ទោសពួកទាហានរបស់ខ្លួនចុះ។” 

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា “កម្ពុជាមានលទ្ធភាពចំពោះការបិទមិនឱ្យការនាំទំនិញថៃមកប្រើប្រាស់នៅកម្ពុជា គឺជាលទ្ធភាពខ្ពស់ ប្រសិនបើច្រកព្រំដែនមិនត្រូវបានថៃឱ្យប្រើប្រាស់ជាឯកតោភាគីឱ្យប្រើប្រាស់ឡើងវិញ។” 

ក្នុងនោះ សម្ដេចក៏បានណែនាំឲ្យពលរដ្ឋខ្មែរ អ្នកមានលទ្ធភាព ខិតខំប្រមូលទិញផលិតផល បន្លែ ផ្លែឈើ របស់កសិករខ្មែរ យកទៅចែកជូនកងទ័ពជួរមុខ ឬអង្គការ សមាគមន៍មើលថែកុមារកំព្រាជាដើម។ 

សម្ដេចក៏នៅតែឆ្លៀតអំពាវនាវបន្ថែមថា ចំពោះប្រជាពលរដ្ឋខ្មែរ អ្នកលក់ផលិតផលខ្មែរ សូមកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានការបិទលែងឱ្យនាំទំនិញពីថៃចូលមកកម្ពុជា។

ក្នុងការថ្លែងសារពិសេសនេះផងដែរ សម្ដេចក៏បានអំពាវនាវដល់បងប្អូននៅក្នុងប្រទេសថៃ ដែលមានសាច់ញាតិទៅធ្វើការឬរស់នៅប្រទេសថៃ ជួយហៅសាច់ញាតិត្រលប់មកកម្ពុជាវិញ ខណៈរាជរដ្ឋាភិបាលបានត្រៀមសម្របសម្រួល រថយន្តក្រុង និងអាហារសម្រាប់ផ្ដល់ជូនដល់បងប្អូនពេលត្រលប់មកកម្ពុជាវិញ។ 

រីឯចំពោះប្រជាជនខ្មែរដែលទៅព្យាបាលជំងឺនៅថៃ បើសិនជាភាគីថៃមិនព្យាបាលឱ្យសូមត្រលប់មកព្យាបាលនៅខ្មែរវិញកុំបន្តព្យាបាលនៅថៃ។ 

បន្ថែមពីនេះ សម្ដេចក៏បានប្រកាសទទួលខុសត្រូវផងដែរ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅថៃឱ្យមកសិក្សានៅកម្ពុជាវិញ បើសិនជាថៃធ្វើទុក្ខបុកម្នេញមិនឱ្យបានសិក្សារៀនសូត្រ៕