2025-06-07 15:16
79

ថៃ៖ យោងតាមការចេញផ្សាយពីសារព័ត៌មានថៃ Khaosod នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ចំពោះលិខិតជូនដំណឹងរបស់អង្គភាពពិសេសកងម៉ារីន នេះថា លោក Nawaek Nopparot Siripariyapong មេបញ្ជាការនៃកងម៉ារីននៃកងម៉ារីនចាន់ថាបុរី បានចុះហត្ថលេខាលើលិខិតផ្លូវការបន្ទាន់បំផុតមួយ ដើម្បីជូនដំណឹងដល់អគ្គនាយកអន្តោប្រវេសន៍ខេត្តចាន់ថាបុរី ទាក់ទងនឹងសំណើផ្អាកភ្ញៀវទេសចរថៃ និងខ្មែរមិនឲ្យធ្វើដំណើរតាមច្រកចូល និងចេញនៅចំណុចឆ្លងកាត់ព្រំដែនអចិន្ត្រៃយ៍។

តាមការជូនដំណឹងខាងលើបានបញ្ជាក់បន្ថែមថា ស្នើឱ្យមន្ត្រីរាជការ ក្រសួង មន្ទីរទាំងអស់ បន្តអនុវត្តភារកិច្ចរបស់ខ្លួន ស្របតាមច្បាប់របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនិងស្នើឱ្យច្រកទ្វារអន្តោប្រវេសន៍ចាន់ថាបុរី ផ្អាកភ្ញៀវទេសចរថៃ ធ្វើដំណើរឆ្លងកាត់កម្ពុជា និងផ្អាកភ្ញៀវទេសចរខ្មែរ មិនឱ្យឆ្លងចូលប្រទេសថៃ នៅចំណុចច្រកព្រំដែនអចិន្ត្រៃយ៍ បាងឡឹម ឃុំទេពនិមិត្ត ស្រុកពង់ណាំ និងច្រកព្រំដែនអចិន្ត្រៃយ៍ ស្រុកចាន់ថារី ស្រុកបាងយ៉ៃ។ (លើកលែងតែពលករខ្មែរដែលមកធ្វើការនៅប្រទេសថៃជាមួយនឹងពាណិជ្ជកម្មអន្តរជាតិដូចធម្មតា) ចាប់ពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការបញ្ជាផ្លាស់ប្តូរ។

គួរឲ្យដឹងថា កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ បន្ទាប់ពីក្រសួងការពារជាតិកម្ពុជានិងថៃមានជំនួបពិភាក្សាគ្នាពាក់ព័ន្ធនឹងភាពតានតឹងនៅតំបន់ព្រំដែនមុំបីរួចហើយនោះ ភាគីថៃបានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបី ដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី ២៨ ឧសភា កន្លងទៅ។ ឆ្លើយតបចំពោះការស្នើសុំនេះ ក្រសួងការពារជាតិកម្ពុជាបានបដិសេធមិនទទួលយកការស្នើសុំនោះទេ  ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក។
 
ដោយភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ។

យ៉ាងណាមិញ បន្ទាប់ពីកិច្ចពិភាក្សារវាងភាគីទាំងពីររួចហើយ លោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ តាមរយៈលិខិតទៅកាន់ក្រសួងការបរទេសបានអះអាងថា យោធាថៃដែលប្រចាំការនៅតំបន់ព្រំដែនខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ តទៅច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា។ 

លោកបានបន្ថែមទៀតថា ការបិទបណ្ដោះអាសន្ននេះ បន្ទាប់ពីភាគីកម្ពុជាបានបដិសេធមិនព្រមចរចារ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន (JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឲ្យភាគីថៃ ដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

បន្ថែមពីនេះ  លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏បានអះអាងដែរថា ចំពោះច្រកទ្វារតំបន់ និងអន្ដរជាតិ បើកដំណើរការធម្មតា មិនមានការបិទនោះទេ ខណៈកម្លាំងយោធាថៃ បានសម្រេចបិទច្រករបៀងជាមួយកម្ពុជាដោយឯកតោភាគី ដែលមានទីតាំងក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ។ លោកបន្ថែមថា សម្រាប់ច្រកទ្វារអន្ដរជាតិ គឺច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងច្រកទ្វារអន្ដរជាតិស្ទឹងបត់, ច្រកទ្វារតំបន់ គឺច្រកបឹងត្រកួន និងច្រកទ្វារម៉ាឡៃ បន្ដបើកដំណើរការធម្មតា។ 

ប៉ុន្ដែខុសប្លែកនៅត្រង់ច្រកទ្វារម៉ាឡៃបន្ដិច ដោយសារអនុញ្ញាតឲ្យតែមនុស្សចេញចូលប៉ុណ្ណោះ សម្រាប់រទេះ និងរថយន្ដ ត្រូវផ្អាកបណ្ដោះអាសន្ន។ លើសពីនេះ នារសៀលនេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានឲ្យដឹងនៅរសៀលថ្ងៃទី៧ មិថុនាយ៉ាងដូច្នេះថា៖ ពាក់ព័ន្ធនឹងព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់មួយចំនួនដោយភាគីថៃ នៅថ្ងៃទី៧ មិថុនា ២០២៥ ខ្ញុំសូមបញ្ជាក់ជូនថារហូតមកដល់ពេលនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ ៕